(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានថ្លែងថា កង្វះបច្ចេកទេសដាំដុះ និងប្រព័ន្ធស្រោចស្រពនៅតែជាឧបសគ្គមួយ សម្រាប់ប្រជាកសិករក្នុងការបង្កបង្កើនផល។ លោកអភិបាលខេត្តថា ប្រសិនបើមានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះបានច្រើនដល់ ប្រជាកសិករ ហើយមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ការដាំដុះស្រូវនៅក្នុងខេត្តកំពង់ធំ នឹងកើនឡើងខ្ពស់។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក អ៊ុត សំអន បានឲ្យដឹងថា ផ្ទៃដីសម្រាប់ធ្វើស្រែនៅក្នុងខេត្តកំពង់ធំមានជាង ២៥ម៉ឺនហិកតា ក្នុងនោះផ្ទៃដីស្រែវស្សាមានជាង ២១ម៉ឺនហិកតា ហើយផ្ទៃដីស្រែប្រាំងមានប្រមាណ ៤ម៉ឺនហិកតា។ លោក អ៊ុត សំអន ថា ទិន្នផល ស្រូវក្នុងខេត្តកំពង់ធំ ក្នុងមួយឆ្នាំទាំងស្រូវវស្សា និង ស្រូវប្រាំង បានប្រមាណ ៦០ម៉ឺនតោន ក្នុងនោះស្រូវប្រមាណ ២០ម៉ឺនតោនទុកសម្រាប់ហូបចុក ធ្វើពូជ និងចំណីសត្វ ហើយស្រូវប្រមាណ ៤០ម៉ឺនតោន ត្រូវបានលក់ចេញ។

លោក អ៊ុត សំអន បានលើកឡើងដែរថា ការបង្កបង្កើនផលស្រូវក្នុងខេត្តកំពង់ធំ មិនទាន់គ្រប់អស់ផ្ទៃដីនៅឡើយទេ ដោយសារខ្វះប្រព័ន្ធ ស្រោចស្រព ហើយប្រជាកសិករ ក៏មិនសូវចំណេញផងដែរ។ ការមិនចំណេញ ដោយសារប្រជាពលរដ្ឋខ្វះបច្ចេកទេសដាំដុះ ដើម្បីទទួល បានទិន្នផលខ្ពស់ ហើយថ្លៃដើមដាំដុះមានតម្លៃខ្ពស់។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោក អ៊ុត សំអន បានឲ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងសិក្សាបង្កើតប្រព័ន្ធស្រោចស្រព ដោយទាញយកទឹកពីស្ទឹងជីនិត និងស្ទឹងស្ទោង ទៅបម្រើដល់ការដាំដុះរបស់ប្រជាពលរដ្ឋ និងរៀបចំការបណ្តុះបណ្តាលបច្ចេកទេសជូនប្រជាកសិករថែមទៀត ដើម្បីឲ្យការដាំដុះរបស់ពួកគាត់ទទួលបានទិន្នផលខ្ពស់។

បើតាមលោក អ៊ុត សំអន ខេត្តក៏កំពង់ស្វែងរកការវិនិយោគពីក្រុមហ៊ុនឯកជននានា ក្នុងការរោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាម៉ាស៊ីនសម្ងួតជា ដើម។

សូមបញ្ជាក់ថា ខេត្តកំពង់ធំ គឺជាខេត្តមួយ ដែលមានការផ្ទៃដីសម្រាប់ធ្វើស្រែច្រើនផងដែរ ក្នុងចំណោមខេត្តជង្រុកស្រូវធំៗ ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ជាដើម។ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានឲ្យដឹងថា ការបង្កបង្កើនផលស្រូវវស្សា ក្នុងឆ្នាំ២០១៦នេះ សម្រេចបាន ១៨ម៉ឺនហិកតាហើយ ក្នុងចំណោមផ្ទៃដីបង្កបង្កើនផលជាង ២១ម៉ឺនហិកតា ហើយស្រូវលូតលាស់ល្អ ផងដែរ៕

សូមស្តាប់ការបញ្ជាក់របស់លោក អ៊ុត សំអន ក្នុងបទសម្ភាសន៍ជាមួយ Fresh News៖