(បាត់ដំបង)៖ រថយន្តដឹកអ្នកដំណើរ ប្រភេទ VIP របស់ក្រុមហ៊ុន វីរ: ប៊ុនថាំ បានបើកទៅបុកគូទរថយន្តដឹកខ្សាច់មួយគ្រឿង ពីក្រោយស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្ត ប្រមាណ១០នាក់ រងរបួសធ្ងន់ស្រាល នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាល មូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុ រថយន្ត​ វីរ: ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2615 បានធ្វើដំណើរពីទិសដៅ ភ្នំពេញ​ ទៅខេត្តបាត់ដំបង ស្រាប់តែដល់ស្រុកមោងឫស្សី ក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យអ្នកជិះ ១០នាក់រងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ អ្នកបើករថយន្តដឹកខ្សាច់ បើកបន្តល្បឿនទៅមុខបាត់ទៅ ដោយឡែកអ្នករងរបួស ត្រូវបានគេជួយដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ៕