(សៀមរាប)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ចុះជួយស្រុកប្រាសាទបាគង រួមជាមួយសប្បុរសជន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដឹកនាំដោយលោក ប៉ោ វណ្ណនិត ប្រធានក្រុមការងារថ្នាក់ខេត្ត នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះជួយសាងសង់ផ្ទះមួយខ្នង ដល់ស្ដ្រីមេម៉ាយដែលមានកូន៤នាក់ ក្នុងបន្ទុក នៅភូមិលលៃ ឃុំលលៃ ស្រុកប្រាសាទបាគង។

លោកប៉ោ វណ្ណនិត បានឲ្យដឹងថា ស្ដ្រីមេម៉ាយ ដែលក្រុមការងារ ចុះជួយសាងសង់ផ្ទះក្នុងឱកាសនេះ បន្ទាប់ពីទទួលដំណឹងថា ផ្ទះរបស់គាត់ត្រូវបានដួលរលំ ដោយសារខ្យល់កន្ដ្រាក់ កាលពីពេលកន្លែងទៅ ហើយគាត់មិនមានលទ្ធភាពសាងសង់ឡើងវិញនោះទេ។

លោកបន្ដថា ស្ដ្រីមេម៉ាយដែលត្រូវសាងសង់ផ្ទះជូននោះ ឈ្មោះរឿន​ សារ៉េត អាយុ២៨ឆ្នាំ ហើយក្រៅពីផ្ទះក៏មានអំណោយបន្ថែមទៀតដែរ មានដូចជា មុង កន្ទេល និងគ្រឿងឧបភោគបរិភោគ ផងដែរ៕