(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានក្រើនរំលឹកដល់មន្រ្តីនគរបាលនៅក្នុងខេត្តស្វាយរៀង ឲ្យប្រកាន់យកឥរិយាបថសុភាពរាបសា និងត្រូវយកចិត្តទុក​ដាក់បម្រើប្រជាពលរដ្ឋ។ ការក្រើនរំលឹករបស់លោកស្នងការ បានធ្វើឡើង ក្នុងពេលរូបលោកដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពង្រឹងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមប៉ុស្តិ៍នគរបាលទាំង ៨០ប៉ុស្តិ៍ នៅខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ។  

លោក កឹង ឃន បានក្រើនរំលឹកថា មន្រ្តីនគរបាលត្រូវផ្លាស់ប្តូរឥរិយាបថ ហើយរក្សាភាពថ្លៃថ្នូរ សុភាពរាបសា ជាពិសេសត្រូវយកចិត្តទុកដាក់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន។ លោកស្នងការ ក៏បានជំរុញឲ្យមន្រ្តីនគរបាលធ្វើបច្ចុប្បន្នភាព ជូនប្រជាពលរដ្ឋដែលមាន និងគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដើម្បីយកទៅផ្ទៀងផ្ទាត់ និង បន្តជំរុញចុះថតផ្តល់​អត្តសញ្ញាណប័ណ្ណឲ្យ​បានឆាប់រហ័ស។

លោកស្នងការ ក៏បានណែនាំមន្រ្តីនគរបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អទប់ស្កាត់ដាច់ខាតរាល់កម្លាំងអមិត្ត ដែលមានបំណងប្រឆាំង ឬ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និង ត្រូវថែរក្សាការពារ​សមទ្ធិផលនានា ដែលរាជរដ្ឋាភិបាលបានខិតខំកសាងកន្លងមក។បែងចែកកម្លាំងប៉ុស្តិ៍ ឲ្យចុះទទួលខុសត្រូវតាមភូមិ ដោយក្នុង ១ភូមិ ត្រូវមានសៀវភៅ ២ក្បាល (១ក្បាលសម្រាប់គ្រប់​គ្រងមុខសញ្ញា​គ្រប់ប្រភេទ និង ១ក្បាលទៀត សម្រាប់គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ)។

លោកស្នងការ កឹង ឃន ក៏បានជំរុញនគរបាលឲ្យយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសបំផុសឲ្យមានចលនាប្រជាការពារ និងឲ្យប្រជាពលរដ្ឋចូល​រួមរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អតាមមូលដ្ឋានរបស់ខ្លួន។

ក្រៅពីការបំពេញភារកិច្ចចុះពង្រឹងតាមមូលដ្ឋាន លោកឧត្តមសេនីយ៍ កឹង ឃន ក៏បានឆ្លៀតចុះសួរសុខទុក្ខមន្រ្តីនគរបាល និងប្រជាពល រដ្ឋជាច្រើនទៀត និងបានឧបត្តម្ភថវិកាចំនួន ១០០ដុល្លារ សម្រាប់ដោះស្រាយការសាងសង់បន្ទប់ទឹក ក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រសែ នៃស្រុករមាសហែកផងដែរ៕