(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញប្រារព្ធពិធីរំលឹកខួបលើកទី៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិចេញពីក្រញាំបិសាច ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។

ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិធីនេះនឹងត្រូវប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ ដោយមិនបានទៅធ្វើផ្ទាល់នៅតំបន់កោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះទេ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីរំលឹកខួបនេះ នឹងមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប ដែលសម្ដេចនឹងធ្វើការឧទ្ទេសនាមបង្ហាញនូវអ្វីដែលបានកើតឡើង ដោយលើកយកនូវកត្តាប្រវត្តិសាស្ដ្រពាក់ព័ន្ធនយោបាយឈ្នះឈ្នះ និងការចាកចេញរបស់សម្ដេចក្នុងការធ្វើដំណើរទៅស្វែងរកការរំដោះប្រទេសជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃទី២០ ខែមិថុនានេះ គឺជាខួប៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរំដោះជាតិ ពូ [សម្ដេចតេជោ ហ៊ុន សែន] ត្រូវទៅឧទ្ទេសនាមនៅក្រសួងការពារជាតិ យើងអត់បានទៅធ្វើពិធីនៅព្រំដែនកន្លែងដែលធ្លាប់ធ្វើនោះទេ ប៉ុន្ដែយើងនឹងនិយាយជាមួយកងទ័ព ដើម្បីឲ្យត្រូវគ្នាលើកត្តាប្រវត្តិសាស្ដ្រទាំងឡាយ ពាក់ព័ន្ធនយោបាយឈ្នះឈ្នះ និងពាក់ព័ន្ធការចាកចេញ និងតួអង្គរបស់ពូក្នុងដំណើរការរំដោះប្រទេសជាតិ»

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលហ៊ានយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាមនោះ នៅតែរំលឹកអំពីគុណតម្លៃដែលមិនអាចកាត់ថ្លៃបាននៃ «សន្ដិភាព» ទៅកាន់កម្មករ កម្មការិនីទាំងអស់ សំដៅធ្វើយ៉ាងណាឲ្យពួកគេចូលរួមថែរក្សា និងការពារសន្ដិភាព ដែលកម្ពុជាកំពុងមានដូចនៅពេលបច្ចុប្បន្ន ដើម្បីមានឱកាសបន្ដការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សូមកុំចាំពេលបាត់បង់សន្ដិភាព ទើបនាំគ្នាស្រែករកសន្ដិភាព ពោលត្រូវថែរក្សាសន្ដិភាពដែលកម្ពុជាកំពុងមានឲ្យខាងតែបាន។ សម្ដេចបានសង្កត់ធ្ងន់ថា សង្គ្រាមងាយនឹងកើតមានឡើងណាស់ ព្រោះសម្រេចចិត្តតែប៉ុន្មាននាទីប៉ុណ្ណោះវានឹងផ្ទុះភ្លាម ដូច្នេះហើយទម្រាំបានដូចសព្វថ្ងៃនេះគឺលំបាកខ្លាំងណាស់ ដូច្នេះត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងសមិទ្ធផលដែលមាន។

សូមរំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជារយៈពេលគម្រប់៤៦ឆ្នាំហើយ (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៣) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដីលាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត៕