(ព្រះសីហនុ)៖ មុខសញ្ញាឆក់ទូរស័ព្ទ និងលួច ពីរករណីផ្សេងគ្នានៅភូមិសាស្ដ្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនសរុបចំនួន៣នាក់ ក្នុងនោះ២នាក់ជាជនជាតិវៀតណាម។

របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ប្រតិបត្តិការ២ករណីនេះ រួមមាន៖

* នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) នៅចំណុចផ្លូវកែងគុជអាស៊ី ឆ្ពោះទៅជីងប៉ីបី ស្ថិតនៅក្រុមទី៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាធ្វើសកម្មភាព រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

ជនសង្ស័យទី១៖ឈ្មោះ ង្វៀង យាំងថាំ អាយុ២៥ឆ្នាំ និងទី២៖ឈ្មោះ ង្វៀង យាំងទឹង អាយុ២៨ឆ្នាំ។ ដោយឡែក ជនរងគ្រោះឈ្មោះ CHU HONGVAN ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិ០៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវជនសង្ស័យឆក់យកទូរស័ព្ទដៃក្នុងពេលគាត់ដើរលើចិញ្ចឹម ជាមួយប្តី។

ក្នុងនោះវត្ថុតាងចាប់យកបាន ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក iPhone 14pro max ចំនួន១គ្រឿង និងម៉ាក iPhone 11pro max ចំនួន១គ្រឿង (ផលនៃអំពើឆក់), ដែកអក្សរតេផ្លែសំប៉ែតសម្រាប់កាច់សោរកម៉ូតូ ចំនួន១ផ្លែ, ម៉ូតូ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ សេរីឆ្នាំ២០៩ គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព)។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ បន្តតាមនីតិវិធី។

* នៅវេលាម៉ោង២ទាបភ្លឺថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចគ្លីនិកឯកជនឈ្មោះ ផេង ហុល ស្ថិតនៅក្នុងភូមិបត់គគីរ ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច១កើតឡើង បង្កដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលទៅលួចទូរស័ព្ទដៃចំនួន៣គ្រឿងដែលជារបស់ជនរងគ្រោះទាំង៣នាក់ខាងលើ ជាប្រជាពលរដ្ឋមកសម្រាកព្យាបាលជំងឺនេះ។ ក្រោយពីធ្វើសកម្មភាពរួចកម្លាំងបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងជាក់ស្ដែងបានតែម្តង។

ជនសង្ស័យឈ្មោះ អូម ពៅ អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួន ដើម្បីកសាងសំនុំរឿងតាមនីតិវិធី៕