(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានអញ្ជើញជួបសំណេះសំណាល និងបាននាំយកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ប.ស.ស) មកផ្ដល់ជូនបុគ្គលិកបម្រើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងបម្រើការងារនៅភោជនីយដ្ឋានឆៀរ CHEER ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោក កៀង ល័ក្ស បានលើកឡើងថា ក្នុងបរិការណ៍ នៃសុខភាព និងស្ថេរភាពនយោបាយ រាជរដ្ឋាភិបាលតែងតែគិតគូរយ៉ាងមធ្យ័ត អំពីសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលេីគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡេីយ។

លោកបានគូសបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាល សម្រេចផ្ដល់របស់ថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលិកបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការងារនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀហ្គាដិន, កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង។

ក្នុងន័យនេះ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំឈ្មោះបុគ្គលបម្រើការងារ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងសហគ្រាសគ្រឹះស្ថានរបស់ខ្លូន ដេីម្បីបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ខណ្ឌ ដេីម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវមុនស្នេីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដេីម្បីចុះបញ្ជីឲ្យពួកគាត់អាចទទួលយកអត្ថប្រយោជន៍ ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាលនៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈនៅទូទាំងប្រទេស ដោយឥតបង់ថ្លៃ។

លោក កៀង ល័ក្ស បានអះអាងថា ទាំងនេះជាការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនឲ្យប្រជាជនកម្ពុជាគ្រប់រូប រងទុក្ខលំបាកដោយគ្មានការថែទាំ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនោះទេ៕