(ហាប៊ីន-ចិន)៖ លោក គឹម សុទ្ធា ប្រធានសមាគមអតីតនិស្សិតកម្ពុជា មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន និងសមាជិកសមាជិកា បានសម្របសម្រួល និងដឹកនាំប្រតិភូនាយកវិទ្យាល័យពីប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំ «HIT-CAMBODIAN HIGH SCHOOL PRINCIPALS EXCHANGE MEETING» និងទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន។

សមាគមអតីតនិស្សិតកម្ពុជាពី HIT ផ្តួចផ្តើមបង្កើតឡើងនាឆ្នាំ២០១៧ ដោយអតីតនិស្សិត និងនិស្សិតកម្ពុជាពី HIT ព្រមទាំងគាំទ្រដោយសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីនផ្ទាល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ ធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាដើម។

ក្នុងដំណើរទស្សនកិច្ចដ៏មានសារ:សំខាន់នេះ មានការចូលរួមពីវិទ្យាល័យមកពីកម្ពុជា ដូចជា វិទ្យាល័យព្រះសុីសុវត្ថិ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្ថិ (NGS) វិទ្យាល័យបាក់ទូក វិទ្យាល័យជាសុីសន្ធរម៉ុក វិទ្យាល័យព្រះយុគន្ធរ វិទ្យាល័យទួលស្វាយព្រៃ សាលារៀនបញ្ញាសាស្រ្តអន្តរជាតិ សាលារៀនអន្តរទ្វីអាម៉េរិកកាំង សាលារៀន AG។

ចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមិថុនា ប្រតិភូមកពីប្រទេសកម្ពុជា បានអញ្ជើញទៅទស្សនកិច្ចសិក្សា និងស្វែងយល់អំពី សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន សារមន្ទីសាកលវិទ្យាល័យ សារមន្ទីអវកាស់របស់សាកលវិទ្យាល័យ បណ្ណាល័យសាកលវិទ្យាល័យ អាហារដ្ឋានរបស់សាកលវិទ្យាល័យ អគារស្នាក់នៅរបស់សិស្សបរទេស បន្ទប់ពិសោធរបស់និស្សិត មជ្ឍមណ្ឌលស្រាវជ្រាវ និងឆ្នៃប្រឌិតរបស់និស្សិតសាកលវិទ្យាល័យ មន្ទីពិសោធបរិដ្ឋាននៅលំហរអវកាស និងភពព្រះចន្ទធំបំផុតរបស់ប្រទេសចិន និងព្រមទាំងបានទៅទស្សនកិច្ចកន្លែងកំសាន្តផ្សេងៗទៀត ក្នុងទីក្រុងហាប៊ីនផងដែរ។

នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ សមាគម និងប្រតិភូនាយកវិទ្យាល័យ បានចូលរួមកិច្ចប្រជុំ «HIT-CAMBODIAN HIGH SCHOOL PRINCIPALS EXCHANGE MEETING» ដោយមានការដឹកនាំកិច្ចប្រជុំដោយ លោកសាស្រ្តាចារ្យ ឆាវ ចៀន នាយកមហាវិទ្យាល័យអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន។

ជាលទ្ធផល សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន បានចុះ MOU ជាមួយប្រតិភូនាយកវិទ្យាល័យនូវខ្លឹមសារដូចខាងក្រោម៖

* ផ្តល់ឱកាសអាហារូបករណ៍គ្រប់ប្រភេទចំនួន៧កន្លែងយ៉ាងតិច ក្នុងមួយវិទ្យាល័យ
* ផ្តល់ឱកាសការផ្លាស់ប្តូរទស្សនកិច្ចសិក្សារយ:ពេល២សប្តាហ៍ ដល់សិស្សវិទ្យាល័យយ៉ាងតិចចំនួន១០កន្លែង នៅសាកលវិទ្យាល័យ
* ផ្តល់ឱកាសជូនវិទ្យាល័យ គ្រូបង្រៀន និងសិស្ស មកទស្សនកិច្ចសិក្សា រៀនសូត្រ និងប្រើប្រាស់បន្ទប់ពិសោធរបស់សាកលវិទ្យាល័យ។

ដំណើរទស្សនកិច្ចទៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន បានបញ្ចប់ដោយភាពសិ្នទស្នាល និងជោគជ័យដ៏ត្រជះត្រចង់។ ព្រមជាមួយគ្នា សមាគមអតីតនិស្សិតកម្ពុជាមកពី HIT ប្ដេជ្ញាចិត្តយ៉ាងមុះម៉ុត និងព្យាយាមលះបង់ថវិកា ពេលវេលា និងកម្លាំងផ្ទាល់ខ្លួន ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីននេះបន្តទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕