(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ គម្រោងកម្ពុជាសរុបចំនួន ០៩ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ប្រមាណ ២.០០០.០០០ ដុល្លារអាមេរិក (ពីរលានដុល្លារអាមេរិក)។ គម្រោងទាំងនោះ នឹងផ្ដល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។

ក្នុងរយៈពេល ០៦ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្ដល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ ៨០ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕