(ភ្នំពេញ)៖ លោកស្រី ប្រាក់ ចន្ថា អតីតអគ្គលេខាធិការងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្រ្តៃយ៍គណបក្សខ្មែររួបរួមជាតិ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។

យោងតាមលិខិតសំណើដែលជាសំណេរដោយផ្ទាល់ដៃ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី ប្រាក់ ចន្ថា បានបង្ហាញពីគោលជំហរនយោបាយ និងការសម្រេចចិត្ត បន្ទាប់ពីបានមើលឃើញយ៉ាងច្បាស់ពីវីរភាពនៃការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា បាននាំមកនូវសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

ឆ្លើយតបតាមសំណើនៃការសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគម៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តនយោបាយរបស់លោកជំទាវ ប្រាក់ ចន្ថា និងបានសម្រេចបញ្ចូលលោកជំទាវជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងមុខងារសាធារណៈ និងបានទូលថ្វាយព្រះមហាក្សត្រឡាយព្រះហស្ត លេខា លើ ព្រះរាជក្រឹត្យ តែងតាំងលោកស្រី ប្រាក់ ចន្ថា ជារដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ៕