(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានផ្តល់ថវិកាចំនួន ២០លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសប្រារព្ធពិធី «បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០» ដែលប្រារព្ធឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ការព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។

ឆ្នាំ ២០២៣នេះ គឺជាឆ្នាំទី៤ហើយ ដែលអ្នកឧកញ៉ា និងក្រុមគ្រួសារ តាមរយៈធនាគារ វីង បានចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យនេះ។ ជាមួយគ្នានេះ ធនាគារ វីង តែងតែបានផ្តល់ជាមធ្យោបាយដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទទួលថវិកាបរិច្ចាគពីបណ្តាសប្បុរសជននានាដោយឥតគិតថ្លៃ ដើម្បីរួមចំណែកដល់ប្រតិបត្តិការប្រកបដោយនិរន្តរភាពរបស់មន្ទីរពេទ្យ។

លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានថ្លែងថា «កុមារ គឺជាអនាគតសសរស្តម្ភរបស់ប្រទេសជាតិ។ ហេតុនេះ យើងត្រូវធានាថាកុមាររបស់យើងមានសុខភាពល្អប្រសើរ។ ខ្ញុំយល់ថាបុណ្យផ្កា មហាសាមគ្គីនេះ ជាគំនិតផ្តួចផ្តើមដ៏ល្អដែលអនុញ្ញាតឲ្យសាធារណជនអាចចូលរួមចំណែកបរិច្ចាគ ដើម្បីធ្វើការរួមគ្នាក្នុងការជួយលើកកម្ពស់សុខភាពកុមារ ក៏ដូចជាជួយដល់សង្គមជាតិរបស់យើងផងដែរ»

បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារកម្ពុជា។ តាមស្ថិតិរបស់មន្ទីរពេទ្យកុមារអង្គរក្នុងឆ្នាំ២០២២ មន្ទីរពេទ្យបានផ្តល់សេវាពិគ្រោះ និងព្យាបាលដោយឥតគិតថ្លៃ ដល់កុមារជាង ៩៧,៩៧៨ នាក់ទូទាំងប្រទេស និងជាមធ្យមមានកុមារជាង ៣០០នាក់ ក្នុងមួយថ្ងៃ បានមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យនេះ។ ដែលនេះជាកិច្ចការសប្បុរសធម៌ របស់មន្ទីរពេទ្យបានផ្តល់ផលជាវិជ្ជមានដល់សុខភាពនិងសុខុមាលភាពរបស់កុមារកម្ពុជាជាច្រើន។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការគាំទ្រជាបន្តបន្ទាប់ពីអ្នកឧកញ៉ា និងក្រុមគ្រួសារ ក៏ដូចជាធនាគារ វីង សម្រាប់សកម្មភាពសប្បុរសធម៌ក្នុងការជួយដល់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាការជួយសង្គ្រោះជីវិតកុមារកម្ពុជា។ យើងខ្ញុំជឿជាក់ថា កុមារគ្រប់រូបសក្តិសមនឹងទទួលបានសុខភាពល្អ និងការថែទាំប្រកដដោយការយកចិត្តទុកដាក់»

ថវិកាដែលបានមកពីការបរិច្ចាគរបស់សប្បុរសជនក្នុងកម្មវិធី «បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០» នេះ គឺនឹងប្រើប្រាស់ ក្នុងប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់និរត្តរភាព លើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត បរិក្ខារនានា ក៏ដូចជាវគ្គបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យផងដែរ។

តាមរយៈមន្ទីរពេទ្យកុមារអង្គរបានឲ្យដឹងថា មន្ទីរពេទ្យមានតម្រូវការថវិកាប្រមាណជាជាង ៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់ប្រតិបត្តិការ និងទ្រទ្រង់សេវាវេជ្ជសាស្រ្តរបស់ខ្លួន។

ដើម្បីចូលរួមចំណែកក្នុងការជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា សាធារណជនអាចធ្វើការបរិច្ចាគ តាមរយៈបណ្តាញរបស់ធនាគារ វីង ដែលមានដូចជា៖ Wing Bank App ឬអញ្ជើញទៅកាន់ទីតាំងណាមួយរបស់ វីង ដែលមានជាង១១,០០០ កន្លែង ដែលនៅជិតលោកអ្នក ដោយបរិច្ចាគតាមរយៈលេខកូដ ៩១២២ (ប្រាក់រៀលខ្មែរ) និង ៨១២២ (ដុល្លារអាមេរិក)។

លោកអ្នកដែលប្រើគណនីធនាគារផ្សេងក៏អាចបរិច្ចាគតាមរយៈ KHQR របស់ធនាគារ វីង បានផងដែរ។ ធនាគារ វីង ក៏បានសហការជាមួយក្រុមហ៊ុន Global Money Express ដែលអនុញ្ញាតឲ្យសប្បុរសជននៅប្រទេសកូរ៉េខាងត្បូងអាចធ្វើការបរិច្ចាគថវិកាដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈGME ដោយមិនគិតថ្លៃសេវាតាមរយៈលេខគណនី ០៤៣៦៥២៤១ (ដុល្លារអាមេរិក)៕