(ភ្នំពេញ)៖ ភាពស្រពាប់ស្រពោន ក្តីព្រួយបារម្ភរបស់ឪពុកម្តាយ និងគ្រួសាររបស់កុមារា លីម រ៉ានុត បានប្រែមកជាស្រស់ថ្លា និងរីករាយវិញហើយ បន្ទាប់ពីដុំសាច់ដ៏ធំក្នុងខួរ​ក្បាលរបស់កុមារារូបនេះ ត្រូវបានវះកាត់យកចេញដោយជោគជ័យពីសំណាក់ក្រុមគ្រូ​ពេទ្យគន្ធបុប្ផាទីតាំងវត្តភ្នំ ដោយប្រើពេលវេលា៨ម៉ោង។

កុមារា លីម រ៉ានុត អាយុ ១៣ឆ្នាំ មកពីភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវ​បានឪពុកម្តាយនាំមករកសេវាព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផាសាខាវត្តភ្នំ កាលពីសប្តាហ៍​កន្លងទៅនេះ។ កុមារា លីម រ៉ានុត បានកើតអាការៈឈឺក្បាលរយៈពេលប្រមាណ​ជាពីរ​ឆ្នាំ​​មក​ហើយ។ ពេលឈឺក្បាលម្តងៗម្តាយចេះតែយកថ្នាំបំបាត់ការឈឺចាប់ឱ្យកូនលេប ដោយ​មិនបានដឹងពីប្រភពនៃជំងឺនោះឡើយ។

ពីរឆ្នាំក្រោយនៅពេលសាច់ដុះកាន់តែធំ ថ្នាំលេបបំបាត់ការឈឺចាប់លែងមានប្រសិទ្ធ​ភាព ទើបសម្រេចនាំកូនមករកសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលជា​ពេទ្យ​ទេវ​តា ពេទ្យសប្បុរសដ៏ធំនៅកម្ពុជា។

ក្រុមគ្រូពេទ្យបានរកឃើញថា កុមារា រ៉ានុត មានជំងឺដុះដុំសាច់ក្នុងខួរក្បាល ហើយដុំ​សាច់​នោះ មានទំហំធំស្ទើរពេញខួរក្បាលទៅហើយ។ អាការៈជំងឺ តម្រូវឱ្យក្រុមគ្រូពេទ្យ​វះ​កាត់ជាបន្ទាន់ ដើម្បីសង្គ្រោះកុមារារូបនេះ។

ទាំងឪពុកម្តាយ និងកុមារា រ៉ានុត ដែលជាក្មេងដ៏ស្លូតបូតមួយរូប ពេលបានទទួលព័ត៌​មាននេះហើយ បានកើតក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា។ ជាពិសេសកុមារា រ៉ានុត ក្មេងដែលកតញ្ញូចំពោះឪពុកម្តាយ គេហាក់បានយល់ដឹងអំពីភាពគំរាមកំហែងដល់​អាយុ​ជីវិតរបស់ពីស្ថានភាពជំងឺមួយនេះ។ គេបារម្ភលែងបានឃើញឪពុកម្តាយ លែង​បានសិក្សា លែងបានទៅឃើញប្អូនតូចរបស់គេនៅឯផ្ទះ ជាពិសេសលែងបានឃើញ​ភាពស្រស់បំព្រងនៃភពផែនដីមួយនេះ។

ពេលបានស្តាប់ឮពីអាការៈនៃជំងឺរបស់គេ កុមារា រ៉ានុត បានទទូចសូម​អង្វរ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះរូបគេឱ្យអស់ពីលទ្ធភាព។ បន្ទាប់ពីការពិនិត្យតាមដានយ៉ាងល្អិតល្អន់​ទៅ​តាម​​​ក្បួនខ្នាតវេជ្ជសាស្ត្រហើយនោះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាដឹកនាំដោយលោក វេជ្ជបណ្ឌិតឯកទេស គង់ វុទ្ធី បានបើកការវះកាត់កុមារា រ៉ានុត នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា នេះ។

ការវះកាត់បានប្រព្រឹត្តទៅយ៉ាងយូរ ជាមួយការរង់ចាំយ៉ាងអន្ទះសារ និងក្រីព្រួយបារម្ភ​ជា​ទីបំផុតពីសំណាក់​ឪពុក​​ម្តាយ​របស់ រ៉ានុត។ ៨ម៉ោងក្រោយមកការវះកាត់ បានបិទ​បញ្ចប់ ជាមួយនឹងលទ្ធផលដ៏គាប់ប្រសើរបំផុត។ ក្រោយអស់ឥទ្ធពលថ្នាំសណ្តំកុមារា រ៉ានុត បានដឹងខ្លួនជាមួយស្នាមញញឹម ជាមួយស្មារតីនៅរឹងមាំ ហើយក៏មិនមាន​ប៉ះ​ពាល់​ដល់ការចងចាំអ្វីដែរ។ ក្រឡេកទៅឪពុកម្តាយរបស់ រ៉ានុត ដែលឈររង់ចាំនៅខាង ក្រៅក្រោយឃើញស្ថានភាពរបស់កូនហាក់មានភាពប្រក្រតីជាធម្មតា នៅពេលវះកាត់រួច​នោះ រីករាយខ្លាំងលាយឡំជាមួយដំណក់ទឹកភ្នែកផងដែរ។

លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានប្រាប់ Fresh News ថា ការវះកាត់យកដុំសាច់ក្នុងខួរក្បាលនេះ បានប្រើពេលរហូតដល់ទៅ៨ម៉ោង ដោយគ្រូពេទ្យមានឈប់សម្រាកនោះឡើយ។ លោកបានឱ្យដឹងថា មុនគ្រូពេទ្យវះកាត់​បានពិភាក្សាគ្នាល្អិតល្អន់ ដោយធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់​តាមរយៈការ​ថត​ឆ្លុះ​ដោយ​ម៉ាស៊ីនស៊ីធីស្កេនទៅលើប្រព័ន្ធខួរក្បាល ដែលទទួលបានរូបភាពច្បាស់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «ជាទូទៅការវះកាត់ដុំសាច់នៅក្នុងខួរក្បាល​មានហា​និ​ភ័យខ្ពស់ ដែលទាមទារឱ្យមាន​ការ​អត់ធ្មត់​នៅក្នុងក្រុមការងារវះកាត់ទាំងមូល ហើយការ​វះកាត់តែងតែប្រើពេលយូរ។ ជាមធ្យមពី៦ ទៅ៨ម៉ោង ដូចជាករណីថ្ងៃនេះ យើងវះកាត់​ដុំ​សាច់ ហើយមានដុំគីស​ក្នុងដុំសាច់មួយផ្នែកធំនៅក្នុងដុំសាច់ហ្នឹងទៅទៀត ដែលយើង​ត្រូវការពេលវេលា ៨ម៉ោង​។ គ្រូពេទ្យត្រូវដាច់បាយដាច់ទឹក មិនអាចទៅបន្ទប់ទឹកអី​បាន​ទេ ត្រៀមខ្លួនឱ្យ​ហើយ ឈរវះរហូតដល់ទៅ៨ម៉ោង»។

លោកវេជ្ជបណ្ឌិត គី សន់ទី បានចាត់ទុកការវះកាត់នេះទទួលបានជោគជ័យមួយ​ដំណាក់​​​កាលហើយ។ ក្រោយការវះកាត់កុមារជាអ្នកជំងឺ មានការប្រាស្រ័យទាក់ទង​ជាមួយឪពុកម្តាយជាធម្មតា។

តែទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យត្រូវយកដុំសាច់ទៅធ្វើការវិភាគបន្តទៀត ដើម្បី​ពិ​និត្យ​​មើលថា តើដុំសាច់នេះ ជាសាច់កាច ឬសាច់ស្លូត។ បើសិនជាសាច់កាច គឺតម្រូវ​ឱ្យមានការព្យាបាលបន្តទៀត ដោយការប្រើថ្នាំគីមី ឬព្យាបាលដោយការបាញ់កាំរស្មី​ជា​ដើម។

លោកប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា ក៏បានឱ្យដឹងផងដែរថា ការវះកាត់ប្រព័ន្ធប្រសាទ​នៅ​មន្ទីរពេទ្យគន្ធបុប្ផា គឺអាចធ្វើបានដោយគ្រូពេទ្យខ្មែរ ដែលមានបទពិសោធន៍ជិត ១០ឆ្នាំ​​មកហើយ ហើយបានផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំជាមួយ​គ្រូពេទ្យនៅ​ស្រុក​បា​រាំង។

«១៥ឆ្នាំមុន កាលណាកុមារមានដុំមហារីក ឬដុំសាច់ក្នុងខួរក្បាល គឺយើងមិនមាន​លទ្ធ​ភាពក្នុងការ​ព្យា​​បាលទេ ហើយកុមារប្រឈមនឹងការស្លាប់បាត់បង់ជីវិតតែម្តង។ តែរយៈ​ពេលជិត ១០ឆ្នាំមកនេះ យើងជួយកុមារបានច្រើន ហើយកុមារយើងមាន​វាសនា​បាន​រស់រៀន»។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត គី សន់ទី។

លោកវេជ្ជបណ្ឌិត គី សន់ទី បន្ថែមទៀតថា «កុមារយើងមានសំណាងដែលយើង​មាន​ពេទ្យគន្ធបុប្ផាមួយនិយាយដោយឡែក និងមានថ្នាក់ដឹកនាំ មានមូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាប្រទេសស្វីស ដែលធ្វើឱ្យយើង​អាចជួយសង្គ្រោះកុមារ អាចកាត់បន្ថយភាពឈឺចាប់របស់កុមារពីជំងឺតម្កាត់ធ្ងន់ធ្ងរផ្សេងៗ ដែលចូលរួមចំណែកក្នុងវិស័យសុខាភិបាល និងសុខុមាលភាពកុមារ បានមួយផ្នែកធំក្រោមការដឹកនាំរបស់ក្រសួង​សុខា​ភិបាល»។

ជាមួយភាពរីករាយក្រោយឃើញកូនវះកាត់បានដោយជោគជ័យនោះ ឪពុកម្តាយរបស់​កុមារា រ៉ានុត បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅដល់ប្រធានមន្ទីរពេទ្យ ក្រុមគ្រូពេទ្យវះកាត់ ក៏ដូចជាក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបាន​ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងចំណេះជំនាញ ជួយសង្គ្រោះកូនខ្លួនឱ្យរួចផុតពី​គ្រោះកាចនៃជំងឺដុំសាច់មួយនេះ។

ឪពុកម្តាយកុមារា រ៉ានុត ក៏គោរពថ្លែងអំណរគុណដល់លោកស្រី យក់ សម្បត្តិ រដ្ឋលេខា​ធិការក្រសួងសុខាភិបាល ដែលបានតាមដានជាប់ជាប្រចាំក្នុងប្រតិបត្តិការវះកាត់ដុំ​សាច់​​នេះ។

អ្វីដែលធ្វើឱ្យឪពុកម្តាយកុមារា រ៉ានុត ចងចាំក្នុងចិត្តមិនអាចបំភ្លេចបាននាពេលនេះ គឺវត្តមានមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យទេវតាក្នុងដួចិត្តរបស់ពួកគេ។ ពួកគេ គោរពដឹងគុណយ៉ាងជ្រាលជ្រៅដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ស្ថាបនិកមន្ទីរពេទ្យ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សប្បុរសជនទាំងក្នុង និងក្រៅប្រទេសគ្រប់រូប ដែលបា​ន​​ប្រឹងប្រែងទំនុកបម្រុង ឧបត្ថម្ភគាំទ្រឱ្យមន្ទីរពេទ្យនៅតែបើកទ្វារ ពោរពេញដោយ​សមត្ថ​ភាពខ្ពស់ ជាទីសង្ឃឹមសម្រាប់កុមារកម្ពុជា៕


(លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា)


(កុមារា លីម រ៉ានុត និងឪពុកម្តាយ មុនពេលចូលវះកាត់)