(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មានស្តីពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ អំពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលរាជធានី ខេត្តទាំង២៥ សិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក ឌុច សុន បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តត្រូវធ្វើឡើងតាមប្រព័ន្ធសមាមាត្រ ដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោត។ អាសនៈនៅក្នុងរដ្ឋសភា មានចំនួន ១២៥ (មួយរយម្ភៃប្រាំ) ដែលបែងចែកតាមមណ្ឌលរាជធានី ខេត្ត។ ហើយលោកក៏បានរំលឹកអំពីដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះដែលទើបតែបញ្ចប់ទៅ ដោយមានគណបក្សនយោបាយចំនួន១៨ ត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោក ឌុច សុន បានបន្តថា បន្ទាប់ពីបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឬ/និងក្រោយពេលដែលបណ្តឹងតវ៉ាត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ គ.ជ.ប ត្រូវបិទផ្សា យបញ្ជីរាយនាមគណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត របស់គណបក្សនយោបា យទាំងនោះ ក្នុងរយៈពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃមុនថ្ងៃបោះឆ្នោត ព្រមទាំងបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប។ តាមកាលបរិច្ឆេទ កំណត់ របស់ គ.ជ.ប បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណៈនៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តទាំង ២៥ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយត្រូវបិទផ្សាយនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១ (មួយ) ច្បាប់ និងនៅទីប្រជុំជនធំៗមួយចំនួនក្នុងរាជធានី ខេត្តនីមួយៗ។

ពាក់ព័ន្ធនឹងសិទ្ធិទទួលបានការការពារសុវត្ថិភាពរបស់បេក្ខជន លោក ឌុច សុន បានថ្លែងថា បេក្ខជនគ្រប់រូប និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ទទួលបានសិទ្ធិស្មើគ្នាក្នុងការការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងសម័យបោះឆ្នោត ដូចមានចែងក្នុងច្បា ប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងផែនការអន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប។

លោកបានបន្តថា ប្រសិនបើបេក្ខជនអាចផ្តល់ភស្តុតាង ឬមានមូលហេតុច្បាស់លាស់ ថា សន្តិសុខ និងសុវត្ថិភា ព របស់ខ្លួនត្រូវបាន និងកំពុងរងនូវការគំរាមកំហែងនោះ បេក្ខជនអាចប្តឹងទៅ គ.ជ.ប ជាបន្ទាន់ ដើម្បីឱ្យ គ.ជ.ប ធ្វើការប្រជុំការងារសន្តិសុខ ដើម្បីដោះស្រាយពាក្យបណ្តឹង ដោយបើកការស៊ើបអង្កេត ហើយទន្ទឹមគ្នានេះត្រូវចាត់វិធានការចាំបាច់គ្រប់រូបភាព ដើម្បីផ្តល់ សន្តិសុខ និងសុវត្ថិភាពជូនបេក្ខជន។

លោកបន្ថែមថា នៅពេលដែលការស៊ើបអង្កេតរកឃើញ ភស្តុតាងអំពីការគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពដល់បេក្ខជនឈរឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវដោះស្រាយតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។

ចំពោះការសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ លោក ឌុច សុន បានបញ្ជាក់ជូនថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតជ្រើស តាំ ងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមណ្ឌលរាជធានី ខេត្តណាមួយ មានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួន ចំនួន ១ (មួយ) រូប និងភ្នាក់ងារបម្រុង ចំនួន ១ (មួយ) រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗក្នុងឃុំ សង្កាត់ ក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

លោក ឌុច សុន បានបញ្ជាក់ជូនថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់-អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅគ្រប់ដំណាក់កាល។

ចំពោះពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ លោក ឌុច សុន បាន ជម្រាបជូនថា ត្រូវបំពេញតាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវផ្ដល់ជូនដោយឥតគិតថ្លៃ ដោយ គ.ជ.ប។ គណបក្សនយោបាយអាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បី ប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ។ គណបក្សនយោបាយ ក៏អាចទាញយកទម្រង់បែបបទលេខ ១០០៧ ពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។

ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ហើយការផ្ទេរនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរបន្ត៕