(កំពង់ស្ពឺ)៖ បុរសជាជនជាតិវៀតណាម ២នាក់ ដែលនាំគ្នាជិះម៉ូតូពាក់ស្លាកលេខ របស់ប្រទេសវៀតណាម ចូលមកដើរលក់ក្រណាត់កៅស៊ូ (កៅស៊ូតង់) រហូតដល់ទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានកំលាំងនគរបាល អន្តោប្រវេសន៏ខេត្តធ្វើការឃាត់ត្រួតពិនិត្យ លិខិតស្នាម ហើយក្រោយពីគ្មានឯកសារផ្លូវច្បាប់ ត្រឹមត្រូវក៏ឃាត់ខ្លួនដើម្បីបញ្ជូន ទៅអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៏ ចាត់ការតាមច្បាប់។ ចំណាត់ការឃាត់ខ្លួនជនជាតិវៀតណាម ដែលចូលមកធ្វើអាជីវកម្មគ្មាន ច្បាប់ទំលាប់នៅក្នុងប្រទេសកម្ពុជានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៦ នេះ នៅទីរួមខេត្តកំពង់ស្ពឺតែម្ដង។ 

លោកឧត្តមសេនីយ៏សម សាមួន ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៏ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺបាន ថ្លែងប្រាប់អង្គភាពព័ត៏មាន Fresh News នៅព្រឹកមិញនេះអោយដឹងថា ក្រោយពីឃើញជនជាតិវៀតណាម ខាងលើនេះនាំគ្នាជិះម៉ូតូពាក់ ស្លាកលេខវៀតណាមដើរលក់ ក្រណាត់កៅស៊ូមានការសង្ស័យ លោកក៏បញ្ជាអោយកំលាំង ឃាត់ធ្វើការត្រួតពិនិត្យ។

ក្រោយត្រួតពិនិត្យទើបរកឃើញថា ពួកគេចូលមកក្នុងប្រទេសកម្ពុជា មានលិខិតឆ្លងដែន មានវាយត្រាពីមន្ត្រីនគរបាល នៅច្រកទ្វារព្រំដែនត្រឹមត្រូវតាមច្បាប់ តែពួកគេចូលមកធ្វើអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាត មិនតែប៉ុណ្ណោះ សូម្បីតែម៉ូតូដែលពួកគេជិះជាស្លាកលេខ របស់ប្រទេសវៀតណាមនោះក៏គ្មានលិខិត ស្នាមត្រឹមត្រូវដែរ។ក្រោយពិនិត្យឃើញថាពួក
គេចូលមកធ្វើអាជីវកម្ម និងជិះម៉ូតូគ្មានច្បាប់ត្រឹមត្រូវរួចមក លោកក៏បញ្ជាអោយធ្វើរបាយការណ៏ បញ្ជូនទាំងមនុស្ស និងមធ្យោបាយទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៏ដើម្បីចាត់ការតាមច្បាប់បន្ត។

លោកឧត្តមសេនីយ៏សម សាមួន បានលើកឡើងថា យោងតាមកិច្ចព្រមព្រៀង នៃប្រទេសទាំងពីរ គឺពលរដ្ឋនៃប្រទេស ទាំងពីរអាចឆ្លងដែនទៅវិញទៅមក ក្នុងនាមជាភ្ញៀវទេសចរណ៏ ដោយមិនចាំបាច់សុំទិដ្ឋាការឡើយ គឺគ្រាន់តែបោះត្រានៅលើលិខិតឆ្លងដែន គឺអាចស្នាក់នៅបានរយៈពេល១ខែ តែបើចូលមករកសុីធ្វើការងារ ជាដើមគឺត្រូវសុំទិដ្ឋាការ សុំប័ណ្ណ និងសៀវភៅការងារ ពីក្រសួងការងារ ហើយបើយកមធ្យោបាយ ចូលគឺទាល់តែសុំលិខិតពី អង្គភាពគយទើបអាចយកចូលមក បានតែសំរាប់ជនជាតិវៀតណាម ទាំងពីរនាក់ ខាងលើគឺគេមានតែលិខិតឆ្លងដែន និងវាយត្រានគរបាល នៅច្រកទ្វារព្រំដែនប៉ុណ្ណោះក្រៅពីនោះគ្មានអ្វីទាំងអស់ ហើយនៅពេលធ្វើការសួរនាំ គឺពួកគេអះអាងថាពួកគេ មកពីខេត្តតៃនិញ ប្រទេសវៀតណាមធ្លាប់ ចូលមកដើរលក់ដូរបែបនេះ ចំនួន៥៧លើកមកហើយ ដោយរាល់ពេលចូលមកគឺជួលផ្ទះ គេស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាលពេលយប់ ពេលថ្ងៃជិះដើរលក់ឆ្លងពីខេត្តមួយ ទៅខេត្តមួយដោយមិនដែល មានសមត្ថកិច្ចសួរនាំឡើយ៕