(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាពេលផ្តើមកិច្ចប្រជុំ មានចំនួន ៩៩រូប។

សេចក្តីព្រាងច្បាប់ទំាងពីរសុទ្ធសឹងតែមានសារសំខាន់នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។

សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសទាក់ទងនឹងការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍។ គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។

ជាពិសេស សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានានូវ ភាពរឹងមាំដែលត្រូវបានការពារដោយច្បាប់។

សេចក្តីព្រាងច្បាប់នេះ មាន ១២ជំពូក និង ១៨២មាត្រា។ លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ចំណែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

ចំណែក សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ មានគោលបំណង កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូល ជំរុញនិងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាចលករក្នុងការជំរុញលំហូរពាណិជ្ជកម្ម តាមរយៈការផ្តល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញនិងការទទួលសំអាងដើមកំណើតទំនិញ ជាដើម។

សេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក និង ៣៥មាត្រា។ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ចំណែក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

បន្ទាប់ពីបានជជែកពិភាក្សាគ្នាទៅលើជំពូក និងមាត្រា នៃសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក៏ដូចជាការពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញរួចមក អង្គសភាបានធ្វើការអនុម័ត ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទទៅលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ៕