(កំពង់ធំ)៖ ផ្លូវលំមួយខ្សែរប្រវែង៦គីឡូម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈលោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី ប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ត្រូវបានបើកការដ្ឋានការសាងសង់នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដោយឆ្លងកាត់ឃុំ២គឺ ឃុំកំពង់ស្វាយ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលំនេះលោកស្រី ឃួន ឃុនឌី បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរស្រុកកំពង់ស្វាយដែលបានទទួលនៅអំណោយដ៏ពិសេសនេះ គឺជាផ្លូវលំមួយខ្សែប្រវែង៦គីឡូម៉ែត្រ ដោយធ្វើដំណើរឆ្លងកាត់ឃុំ២ គឺឃុំកំពុងស្វាយនិងឃុំត្រពាំងឬស្សី ដែលនេះគឺជាសមិទ្ធផលថ្មីមួយទៀតក្រោមការដឹកនាំរបស់សម្ដេចតេជោ លោកតែងតែគិតគូរសុខទុក្ខ និងការលំបាកផ្សេងៗរបស់បងប្អូន ប្រជាពលរដ្ឋលោកមិនដែលមើលរំលង ឬទុកឱ្យបងប្អូននៅឯកានោះឡើយ ជាក់ស្ដែងដូចជាថ្ងៃនេះផ្ទាល់។

លោកស្រីបានបន្តទៀតថា ក្រោមដំបូលសន្តិភាពប្រជាជនទាំងអស់រស់នៅដោយសុខសាន្តមិនមានការភ័យខ្លាច ក្តីបារម្មណ៍ផ្សេងៗដែលជាកត្តាសំខាន់ក្នុងការរស់នៅទទួលទានប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា កាលណាប្រទេស ជាតិ មានសុខសន្តិភាពនោះហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវមានការអភិវឌ្ឍជាបណ្ដើរៗ ដូច្នេះហើយមានតែសុខសន្តិភាពតែមួយគត់ទើបមានការអភិវឌ្ឍ ហើយសុខសន្តិភាពនេះគឺមិនមានអ្វីអាចមកដោះដូរបានឡើយ។ ដូចនេះសូមពុកម៉ែបងប្អូនទាំងអស់ត្រូវនាំគ្នាជួយថែរក្សានៅសុខសន្តិភាពនេះព្រមទាំងប្រាជ្ញាការពារនៅសុខសន្តិភាពនេះឲ្យបាន ១០០%។

លោកស្រីបានបន្ថែមទៀតថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោរយៈពេល៤០ឆ្នាំនេះ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព ហើយសម្ដេចតេជោគឺជាបុគ្គលតែម្នាក់គត់ដែលមិនមានតួអង្គណាម្នាក់ អាចមកជំនួសសម្ដេច បានឡើយ។ ដូច្នេះសូមបងប្អូនទាំងអស់ត្រូវតែជឿជាក់លើសម្ដេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដូចនេះអ្វីដែលសម្ដេចចង់បាន ពីបងប្អូនទាំងអស់គ្នាគឺមិនមានអ្វីក្រៅពីការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីចូលរួមថែរក្សានៅសុខសន្តិភាព​ និងការអភិវឌ្ឍព្រមទាំងថែរក្សានៅស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចឱ្យបានរីកចម្រើនដូចប្រទេសនានាលើសកលលោក»

នៅចុងបញ្ចប់លោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី បានផ្ដល់ថវិកាចំនួន ១លានរៀលដល់ឃុំទាំងពីរ ដោយ១ឃុំទទួលបានថវិកា ៥០ម៉ឺនរៀល ប្រជាការពារ២០ម៉ឺនរៀល អាវុធហត្ថ១០ម៉ឺនរៀល នគរបាល១០ម៉ឺនរៀល និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះដោយម្នាក់ៗទទួលបានក្រមា១ ព្រមទាំងចូលរួមបើកដំណើរការ ការដ្ឋានសាងសង់ផ្លូវលំនេះចាប់ពីថ្ងៃនេះតទៅ។

ប្រជាពលរដ្ឋនៅឃុំត្រពាំងឬស្សី និងឃុំកំពង់ស្វាយ មានការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំងដោយទទួលបាននូវសមិទ្ធិផលថ្មីហើយសូមថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ផ្លូវមួយខ្សែនេះបងប្អូន ប្រជាពលរដ្ឋសូមជូនពរសម្ដេច និងក្រុមគ្រួសារមានសុខភាពល្អ និងបន្តគាំទ្រការដឹកនាំរបស់សម្ដេចតទៅទៀត៕