(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់ខ្លួន ប្រចាំខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.។

ក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងភាពជាដៃគូ ចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅតាមបណ្តាវិស័យនានារួមមាន វិស័យកសិកម្ម វិស័យអប់រំ វិស័យសុខាភិបាល ។ល។ ក៏ដូចជាការចូលរួមជំរុញលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក កឹមរ័ត្ន វិសិដ្ឋ បានសង្កត់ធ្ងន់ផងដែរថា ការពង្រឹងភាពជាដៃគូសហប្រតិបត្តិការនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាលរវាង វ.ស.ស. និងបណ្តាអង្គការសង្គមស៊ីវិលបណ្តារាជធានី-ខេត្ត។ ពិធីនេះ បានផ្តល់ឱកាសស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃបណ្តាអង្គការ សមាគម សហគមន៍តាមរយៈការលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់តំណាងអង្គការស៊ីវិលដែលមានវត្តមានចូលរួម។ វ.ស.ស. បានកត់សម្គាល់ឃើញពីភាពប្រសើរឡើងនូវកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការអនុវត្តសកម្មភាពប្រកបដោយសេរីភាពពេញលេញរបស់បណ្តាអង្គការសង្គមស៊ីវិល បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញវិធានការជំរុញបង្កើនភាពសុខដុមនីយកម្មនៅក្នុងវិស័យនេះ។

បន្ថែមពីនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់បណ្តាអង្គការស៊ីវិល ក្នុងការចូលរួមជាមួយបណ្តាញ វ.ស.ស. ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអភិវឌ្ឍ ព្រមទាំងជំរុញបង្កើនល្បឿនឆ្ពោះទៅសម្រេចបានគោលដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

មុននឹងបញ្ចប់ លោកប្រធានក្រុមប្រឹក្សាភិបាល បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលទាំងអស់ អនុវត្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់និងបញ្ញតិនៃព្រះរាជាណាចក្រកម្ពុជា។ វ.ស.ស. បានត្រៀមខ្លួននិងប្តេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូជាមួយគ្រប់បណ្តាដៃគូអង្គការសង្គមស៊ីវិល ដើម្បីសុភមង្គល និងសុខដុមនីយកម្មសង្គម៕

បាត់ដំបង

ឧត្តរមានជ័យ

សៀមរាប

ព្រះវិហារ

កំពង់ធំ