(តាកែវ)៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាបន្ទាយត្រាវ ឃុំកណ្តឹង ស្រុកបាទី មានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយ៣០ ០៥៦កញ្ចប់ផេនដាពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទប្រគល់ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដើម្បីចែកជូនដល់សិស្សានុសិស្សចំនួន១១២សាលានៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។

ថ្លែងទៅកាន់អង្គពិធីដោយរួមមានសិស្សានុសិស្សដែលពោរពេញដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង លោក Wang Haoyu តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានជម្រាបជូនពីសាវតាររបស់មូលនិធិដែលបានបង្កើតតាំងពីឆ្នាំ១៩៨៩ ហើយចាប់តាំងពីឆ្នាំ២០១៨មក មូលនិធិបានសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់ជូននូវសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈសិក្សាទាំងនេះរួមមានកាតាប ប៊ិក ខ្មៅដៃ ជ័រលុប ហ្វឺត បន្ទាត់ និងសម្ភារៈឧបទ្ទេសជាច្រើនទៀត។

រយៈពេល៥ឆ្នាំកន្លងមកនេះ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្ភារៈសិក្សាចំនួនជាង១៨ម៉ឺនកញ្ចប់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានចែកដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជំនួយដ៏ថ្លៃថ្លារបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលជាដៃគូដ៏សំខាន់មួយក្នុងការផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដោយផ្តោតជាសំខាន់ចាប់ពីថ្នាក់មត្តេយ្យឡើងទៅ។

ឯកឧត្តមបានបន្តលើកទឹកចិត្តដល់សង្គមស៊ីវិលរបស់ប្រទេសចិននិយាយរួម ដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទនិយាយដោយឡែកក្នុងកិច្ចបង្កើនការសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលលើការអនុវត្តគម្រោងនានាដែលជាប្រយោជន៍ដល់ការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។

ឯកឧត្តមបានចាត់ទុកថាអំណោយ ៣០០៥៦កញ្ចប់នាថ្ងៃនេះជាសក្ខីភាពបន្ថែមទៀតចំនួន៣គឺ ១-ការចូលរួមបង្កើនទាំងបរិមាណ ទាំងគុណភាពសិក្សាដល់សិស្សានុសិស្សកម្ពុជា ២-ការចូលរួមពង្រឹងនិងពង្រីកប្រពៃណីទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន និង៣-ការចូលរួមអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាណាព្យាបាលសិស្ស ដល់ប្រជាជនដែលមានសិទ្ធិបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា និងចូលរួមសាមគ្គីគ្នាជាកម្លាំងថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។