(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលអំណោយជាឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែនពីយូនីសេហ្វ (unicef) នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដែលប្រព្រឹត្ដទៅនៅឃ្លាំងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដោយមានការចូលរួមពី លោក វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជា។

ក្នុងនាមក្រសួងសុខាភិបាល លោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណដល់យូនីសេហ្វ ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ១៩៥២ និងបានត្រឡប់មកកម្ពុជាវិញ មុនអង្គការនានា ចាប់តាំងពីក្រោយថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩ មក។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បន្ដថា យូនីសេហ្វបានដើរតួនាទីពិសេសលេចធ្លោក្នុងប្រព័ន្ធលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារនៅកម្ពុជា តាមរយៈគម្រោងកម្មវិធីជាច្រើនរួមមាន៖ សុខភាពមាតា និងទារក ការចាក់ថ្នាំបង្ការ អាហារូបត្ថម្ភ អនាម័យ (WASH) ការការពារកុមារ រួមបញ្ចូលទាំងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ដើម្បីកំណត់ និងឆ្លើយតបចំពោះករណីនៃការរំលោភបំពានលើកុមារ និងគាំទ្រដល់ការបង្កើតគោលនយោបាយ និងប្រព័ន្ធការពារកុមារ។

លើសពីនោះក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងធានានូវភាពបន្តនៃសេវាសុខភាពសំខាន់ៗសម្រាប់កុមារ និងស្ត្រី ជាពិសេសក្នុងអំឡុងនៃការរាត្បាតដោយជំងឺកូវីដ-១៩ យូនីសេហ្វ បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិវឌ្ឍផែនការដាក់ពង្រាយ និងចាក់វ៉ាក់សាំងជាតិ (NDVP) ក៏ដូចជាគោលការណ៍ណែនាំប្រតិបត្តិការ និងពិធីសារជំនួយ និងការផ្គត់ផ្គង់សម្រាប់លទ្ធកម្មវ៉ាក់សាំង COVID-19 កែលម្អខ្សែសង្វាក់ត្រជាក់ និងការគ្រប់គ្រង ការឆ្លង ការការពារ និងការគ្រប់គ្រងករណី។

យូនីសេហ្វបានធ្វើការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីធានាការបន្តសេវាចាក់ថ្នាំបង្ការជាប្រចាំក្នុងអំឡុងពេលជំងឺរាតត្បាត និងបានផ្តល់ជំនួយបច្ចេកទេស និងការផ្គត់ផ្គង់សម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការ និងការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ខ្សែសង្វាក់ត្រជាក់ និងការដឹកជញ្ជូនវ៉ាក់សាំង។

ភាពជាដៃគូរបស់យូនីសេហ្វ កាន់តែលេចធ្លោចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ឆ្នាំ២០២០មក ដោយយូនីសេហ្វ បានគាំទ្រក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំង និងឆ្លើយតបទៅនឹងជំងឺរាតត្បាត។ យូនីសេហ្វ បាននឹងកំពុងជួយដល់ក្រសួងសុខាភិបាល ក្នុងទម្រង់ជាជំនួយបច្ចេកទេស និងការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ជាមួយនឹងទឹកប្រាក់ជាង ៤៤លានដុល្លារអាមេរិក ក្នុងការផ្គត់ផ្គង់ពាក់ព័ន្ធជំងឺកូវីដ-១៩ រួមទាំងឧបករណ៍ខ្សែសង្វាក់ព្យាបាល និងជំងឺផ្តាសាយ វ៉ាក់សាំង និងថ្នាំព្យាបាល COVID-19 តាមរយៈភាពជាដៃគូរួមគ្នាពី ដៃគូនានា និងអ្នកផ្តល់ជំនួយដូចជា រដ្ឋាភិបាលនៃប្រទេសជប៉ុន អូស្ត្រាលី អង់គ្លេស អាមេរិក និងសាធារណរដ្ឋឆែកជាដើម។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា គម្រោងសហប្រតិបត្តិការទាំងនេះ ពិតជាបានរួមចំណែកពង្រឹងប្រព័ន្ធថែទាំសុខភាព ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសអំណោយឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែន របស់យូនីសេហ្វនាពេលនេះ បានចូលរួមក្នុងការធ្វើទំនើបកម្មសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធតាមដានជំងឺជាដើម សំដៅកាត់បន្ថយអត្រាមរណៈមាតា ទារក និងកុមារ ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងគោលដៅអភិវឌ្ឍប្រកបដោយចេរភាព ស្របតាមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសបប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ទន្ទឹមនឹងនោះ លោក វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជា ក៏បានថ្លែងអំណរគុណលោកស្រីរដ្ឋលេខាធិការប្រចាំការ និងក្រសួងសុខាភិបាល ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការប្រកបដោយភាពកក់ក្តៅនាពេលកន្លងមក យូនីសេហ្វនឹងខិតខំស្វែងរកគម្រោងកម្មវិធីសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាលបន្ថែមទៀតនៅកម្ពុជា៕