(ភ្នំពេញ)៖ ក្រុមហ៊ុន 7NG នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺ ចំនួន ៧ចំណុច ក្រោយមានការផ្សាយមិនប្រក្រតីពាក់ព័ន្ធនឹងក្រុមហ៊ុន។ នេះបើតាមសេចក្តីបំភ្លឺ ដែលបណ្តាញ Fresh News ទទួលបាន។

សេចក្តីបំភ្លឺបានឲ្យដឹងថា ដោយពិនិត្យឃើញមានសារព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន ចុះផ្សាយនូវព័ត៌មានមិនប្រក្រតីអំពីក្រុមហ៊ុន 7NG, ក្រុមហ៊ុនសូមធ្វើការឆ្លើយបំភ្លឺដូចខាងក្រោម៖

១៖ ក្រុមហ៊ុន 7NG បានប្រគល់ដីឡូតិ៍ជូនអតិថិជនចប់សព្វគ្រប់រួចរាល់ទាំងអស់ហើយ ចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩
២៖ ក្រុមហ៊ុន 7NG ពុំធ្លាប់ទទួលបាននូវសំណូមពរពីពួកគាត់ណាម្នាក់ទេ មកទល់នឹងថ្ងៃនេះ
៣៖ ពុំធ្លាប់មានបុគ្គលណាម្នាក់មកតវ៉ាថាអត់ទទួលបានដីឡូតិ៍ពីក្រុមហ៊ុន 7NG ឡើយ ក្នុងរយៈពេលជិត ៤ ឆ្នាំនេះ
៤៖ ចំពោះបញ្ហាដីឡូតិ៍ជាន់គ្នា គឺពិតជាមានការជាន់គ្នាមួយចំនួនតូច ដោយសារបញ្ហាបច្ចេកទេសមែន ប៉ុន្តក្រុមហ៊ុនបានសម្របសម្រួលបញ្ចប់បញ្ហាជាន់គ្នារួចរាល់អស់ហើយ
៥៖ សម្រាប់ដីឡូតិ៍ខ្លះ ដែលជាន់លើគំរោងផ្លូវរដ្ឋ អាជ្ញាធរស្រុក និងអាជ្ញាធរខេត្តកំពុងតែសម្របសម្រួលជាមួយ ក្រុមហ៊ុន 7NG ដើម្បីកែសម្រួលយកតាមផ្លូវជាក់ស្ដែងឡើងវិញ
៦៖ ក្រុមហ៊ុន 7NG បានបំពេញកាតព្វកិច្ចផ្ទេរសិទ្ធិកាន់កាប់ដីឡូតិ៍ ជូនអតិថិជនទាំងអស់ត្រឹមអាជ្ញាធរភូមិ-ឃុំរួចរាល់ (យោងតាមកិច្ចសន្យាទិញលក់) ដូចនេះអតិថិជនទាំងអស់មានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ទៅកាន់អាជ្ញាធរសុរិយោដីស្របតាមនិតិវិធី
៧៖ ជាចុងក្រោយ បើមានអតិថិជនណាម្នាក់មានបញ្ហាអ្វីមួយ សូមអញ្ជើញមកការិយាល័យក្រុមហ៊ុន 7NG ស្ថិត នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រៀងរាល់ថ្ងៃធ្វើការដោយក្រុមហ៊ុនរង់ចាំដោះស្រាយជូនជានិច្ច៕