(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម និងជាប្រធានបេសកកម្មចុះតាមរោងចក្រ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៧៩នាក់​ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ ចុះពិនិត្យនិងព្យាបាលជំងឺជូនដល់កម្មករ កម្មការិនី បងប្អូនប្រកបរបរក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចំនួន ១​,៤៥០នាក់ ស្មើនឹង ២​,៩១៧ករណី។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ យុវជនគណបក្សប្រជាជនកម្ពុជា យុវជន​ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកពាក់ព័ទ្ធផ្សេងៗទៀត​ ស្ថិតក្នុងបរិវេណវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី។

អភិបាលខណ្ឌសែនសុខ បានមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍ថា ក្នុងនាមរូបលោកផ្ទាល់ និងជំនួសមុខឱ្យក្រុមប្រឹក្សាខណ្ឌសែនសុខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋទាំងអស់ពិតជាមានក្តីសោមនស្ស សប្បាយរីករាយក្រៃលែងជូនចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលបាននចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូន ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខនាពេលនេះ និងសូមសំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជាបន្តបន្ទាប់ទៀត។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាយកចិត្តទុកដាក់បន្ថែមក្នុងការថែទាំសុខភាពឱ្យបានល្អ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យបានគង់វង្សជារៀងរហូត។

អនុប្រធានប្រត្តិបត្តិសមាគម និងជាប្រធានបេសកកម្ម ចុះតាមរោងចក្រ បានថ្លែងថា តាងនាមឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ពិតជាមានកិត្តិយស និងក្តីសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់​ លោកតាលោកយាយ ពូមីងបងប្អូនកម្មករ កម្មការិនី​ ទាំងអស់នាឱកាសនេះ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ។ ដោយសារតែលោកទាំងពីរមានការ មមាញឹកខ្លាំងក្នុងការងារ ទើបលោកទាំងពីរមិនបានអញ្ជើញមកជួបបងប្អូនដោយផ្ទាល់ ដោយអនុញ្ញាតឱ្យក្រុមការងារ TYDA ចំនួន២៧៩នាក់ ចុះមកធ្វើការពិនិត្យជំងឺជូនដល់លោកតា លោកយាយ ពូមីង និងបងប្អូនកម្មករ កម្មការិនី នាថ្ងៃនេះ។ ហើយក្រៅពីអនុញ្ញាតឱ្យក្រុមការងារចុះមកពិនិត្យជំងឺ លោកទាំងពីរបានផ្តាំផ្ញើសួរសុខទុក្ខដល់ចំពោះលោកតា លោកយាយ ពូមីង បងប្អូនកម្មករ កម្មការិនីទាំងអស់គ្នា ហើយសូមឱ្យបងប្អូនមានសុខភាពល្អគ្រប់ៗគ្នា។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា គោលបំណងធំនៃការបង្កើតសមាគម TYDA គឺទី១៖ ផ្តល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ មិនប្រកាន់និន្នាការនយោបាយ សាសនា ឬពណ៌សម្បុរនោះទេ ទី២៖ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្រីក្រតាមទីជនបទដាច់ស្រយាល និងទី៣៖ ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ឱកាសដល់ប្អូនៗនិសិ្សតពេទ្យ និងយុវជនស្ម័គ្រចិត្តផ្សេងៗបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ដើម្បីសង្គមជាតិខ្មែរយើង។

លោកវេជ្ជបណ្ឌិតបានរៀបរាប់ទៀតថា មកទល់នឹងពេលនេះ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង ៨ពាន់នាក់ ដោយបានព្យាបាលអ្នកជំងឺទូទាំងប្រទេសសរុបចំនួន ៤៣០,៦០៨នាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរ ៧,៥៣១នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៦៥នាក់ បានបញ្ចូនមកនិងវះកាត់ដោយជោគជ័យផងដែរ។

ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិតក៏បានអបអរសាទរដល់កម្មការិនីដែលមានផ្ទៃពោះ ដោយចាប់ពីខែសីហាខាងមុខតទៅ ស្រ្តីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ត្រូវទទួលបានគោលការណ៍ឧបត្ថម្ភសាច់ប្រាក់បន្ថែមពីរដ្ឋាភិបាលគឺ ពេលទៅពិនិត្យគផ្ទៃពោះម្តងទទួលបានថវិកា ៨ម៉ឺនរៀល (ទទួលបានការពិនិត្យ៤ដងមុនសម្រាល) នៅថ្ងៃសម្រាលទទួលបានថវិកា ៤០ម៉ឺនរៀល ក្រោយថ្ងៃសម្រាលរហូតកូនអាយុ២ឆ្នាំ ទទួលបានពិនិត្យសុខភាពទាំងម្តាយទាំងកូនចំនួន១០ដងទៀត (ទៅពិនិត្យម្តងទទួលថវិកា ៨ម៉ឺនរៀល)។

តាមរបាយការណ៍បានឱ្យដឹងថា កម្មករកម្មការិនី និងប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់ក្នុងថ្ងៃនេះមានចំនួន ១,៤៥០នាក់ ស្មើនឹង ២,៩១៧ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យដៃគូមានចំនួន ១៧ករណី៕