(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យក្រុមប្រឹក្សាធម្មនុញ្ញ មានការប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «វិមានរដ្ឋធម្មនុញ្ញ» ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីនេះក៏ត្រូវបានធ្វើឡើង ដោយមានព្រះវត្តមាន វត្តមាន សម្តេច សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋមន្ត្រី រដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យានៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ជាច្រើនរូប។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យដឹងថា «វិមានរដ្ឋធម្មនុញ្ញ» នឹងត្រូវប្រើពេលវេលាសាងសង់ រយៈពេល ១២ ទៅ១៥ខែ។ លោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានជ្រើសរើសឲ្យធ្វើជាស្ថាបត្យករ។

ទស្សនាទានស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញ រួមមាន៖

* សសរស្តម្ភរដ្ឋធម្មនុញ្ញ៖ ជាសសរស្តម្ភមានរាងឆកោណនៅខាងលើមានបល្ល័ង្កតម្កល់ព្រះសិវព្រះព្រហ្ម ជ្រុងទាំងប្រាំមួយសម្រាប់ចារឹកបុព្វកថារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាភាសាខ្មែរ និងភាសាប្រទេសមហាអំណាចទាំង៥។ សសរស្តម្ភចារឹកនេះ តម្កល់ក្នុងមណ្ឌលកណ្តាល នៃសារមន្ទីររដ្ឋធម្មនុញ្ញ ដែលលម្អដោយផ្ទៃជញ្ជាំង បួនជ្រុងមានរាងការ៉េ។

* ការតាក់តែងលម្អផ្នែកខាងក្នុង៖ រចនាតាមបែបសិល្បៈខ្មែរ និងសិល្បៈរ៉ូម៉ាំងត្រូវបានយកមកគិតបញ្ចូលជាទស្សនៈគំនិតចម្បង ក្នុងការរចនា ដែលមានបន្ទប់បួនជ្រុងកណ្តាល ហៅថា «ខេមរសន្តិមូលសាល» នៅចំណុចកណ្តាលនៃសាលក្រហមមានតម្កល់សសរស្តម្ភរដ្ឋធម្មនុញ្ញមួយ រាងជាសិវលិង្គឆកោណ ដោយនៅជ្រុងនីមួយៗ នៃឆកោណមានចារឹកនូវខ្លឹមសារបុព្វកថារដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ជាភាសាខ្មែរ និងភាសានៃប្រទេសមហាអំណាច ទាំង៥ មានភាសាអង់គ្លេស អាមេរិក ភាសាងអង់គ្លេស ភាសាបារាំង ភាសារុស្ស៉ី និងភាសាចិន នៅជ្រុងមួយទៀត។ នៅជញ្ជាំងទិសខាងលិចនៃបន្ទប់ គឺមានរៀបចំរូបផែនទីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងរង្វង់នៃទង់ជាតិ របស់បណ្តាប្រទេសហត្ថលេខីទាំងអស់ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយនៅពីក្រោមគឺមានចារឹកខ្លឹមសារ នៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងក្រុងប៉ារីសផងដែរ។ នៅជញ្ជាំងទិសខាងត្បូង និងទិសខាងជើង គឺមានដាក់តាំងរូបភាពពាក់ព័ន្ធ នឹងប្រវត្តិសាស្ត្រ ចាប់ពីជំនួបដំបូងរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅហ្វែរអង់តាដឺណ័រ, ដំណាក់កាលសំខាន់ៗនៃដំណើរការចរចាសន្តិភាព, ការបោះឆ្នោត ឆ្នាំ១៩៩៣, ការបង្កើតសភាធម្មនុញ្ញ ការអនុម័ត និងការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញជាដើម។

* ការចនានៅលើសន្លឹកទ្វារទាំង៤ មានទ្វារធំនៅទិសខាងកើត ទ្វារបញ្ឆោត៣ នៅទិសខាងលិច ខាងត្បូង និងខាងជើង ត្រូវបានគិតគូរទៅលើទស្សនៈគុណតម្លៃ នៃរដ្ឋធម្មនុញ្ញនិយមទំនើប (Constitutional Values) ដូខខាងក្រោម៖

១៖ ទ្វារជ្រុងខាងលិច៖ គុណតម្លៃនីតិរដ្ឋ
លើទ្វារបញ្ឆោតនៃជ្រុងនេះ មានរចនាជារូបអាទិទេព រចនាប័ទ្មរ៉ូម៉ាំងមួយអង្គ មួយចំហៀងជាទេពបុរស មួយចំហៀងជាទេពស្ត្រី មានពាក់មកុដ ស្លៀកពាក់បែបមន្ត្រី ប៉ុន្តែអត់ពាក់ស្បែកជើងបែបសាមញ្ញជន ហើយទូលគម្ពីរមួយនៅលើសិរសា ដែលមានពន្លឺចែងចាំង។ រូបនេះ តំណាងឲ្យគ្រប់ស្រទាប់នៃសង្គមខ្មែរ រួមមានព្រះមហាក្សត្រ នាហ្មឺនមន្ត្រី និងអាណាប្រជានុរាស្ត្រ គ្រប់ស្រទាប់វណ្ណៈ ត្រូវស្ថិតក្រោមអំណាចនៃរដ្ឋធម្មនុញ្ញ។

២៖ ទ្វារជ្រុងខាងត្បូង៖ គុណតម្លៃប្រជាធិបតេយ្យ
លើទ្វារបញ្ឆោតនៃជ្រុងនេះ មានរចនារូបអាទិទេព រចនាប័ទ្មរ៉ូម៉ាំងមួយអង្គឈរលើខឿនមួយ ដោយព្រះហស្តឆ្វេងទ្រហិបឆ្នោត និងព្រះហស្តស្តាំលើកចង្អុលដៃ ដែលតំណាងការអនុវត្តប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ដែលមានការបោះឆ្នោតជាមូលដ្ឋានគ្រឹះ។

៣៖ ទ្វារជ្រុងខាងជើង៖ គុណតម្លៃនៃការបែងចែកអំណាច ដាច់ពីគ្នានៃអំណាចទាំង៣
លើទ្វារបញ្ឆោតនៃជ្រុងនេះ មានរចនាជារូបអាទិទេព រចនាប័ទ្មរ៉ូម៉ាំងមួយអង្គឈរលើខឿនមួយ មានព្រះហស្តស្តាំកាន់ត្រីសូល៍ ដែលត្រីសូល៍នេះ តំណាងឲ្យអំណាចទាំង៣ និងព្រះហស្តស្តាំកាន់គម្ពីរ តំណាងឲ្យការអនុវត្តអំណាចទាំង៣ អនុលោមតាមច្បាប់។

៤៖ ទ្វារជ្រុងខាងកើត៖ គុណតម្លៃនៃសិទ្ធិមនុស្ស
លើទ្វារនៃជ្រុងនេះ មានរចនាជារូបកងចក្របែបចង្កូតនាវា ដែលមានកាំចំនួន៥ មានចារឹកសិទ្ធិទាំង៥ ដែលរួមមានសិទ្ធិជាមូលដ្ឋានទាំងប្រាំ គឺ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម សិទ្ធិវប្បធម៌ និងសិទ្ធិពលរដ្ឋ។ ហើយកងចក្រនេះ ត្រូវបានចារឹកក្នុងត្រីកោណមួយ ជានិមិត្តរូបនៃអំណាចទាំងបី ដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់សិទ្ធិរបស់ខ្លួន តាមរយៈអំណាចទាំងបី។

* ប្លង់ទូទៅ
រដ្ឋធម្មនុញ្ញខ្មែរបច្ចុប្បន្ន ទទួលឥទ្ធិពលពីរដ្ឋធម្មនុញ្ញលោកខាងលិចជាពិសេស ពីប្រទេសបារាំង ដែលក្នុងនោះដែរ ការរចនាវិមានរដ្ឋធម្មនុញ្ញ ត្រូវបានកសាងឡើងដោយឈរលើទស្សនាទាន (Concept) សមាហរណកម្មពីរជាគោល គឺ៖

១៖ ទស្សនាទាននៃសិល្បៈស្ថាបត្យកម្មសិល្បៈរ៉ូម៉ាំង ដែលត្រូវបានរចនាផ្នែកខឿនបន្ទប់បួនជ្រុង ដែលនៅចំណុចកណ្តាលតម្កល់សសរស្តម្ភចារឹកបុព្វកថារដ្ឋធម្មនុញ្ញ នៅពីលើខឿនបន្ទប់ ដែលទស្សនាទាននេះតំណាងឲ្យគ្រឹះរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ របស់កម្ពុជា ដែលទទួលយកគុណតម្លៃរដ្ឋធម្មនុញ្ញនិយមបស្ចិមលោក។

២៖ ទស្សនាទាស្ថាបត្យកម្មខ្មែរបុរាណ ត្រូវបានរចនាផ្នែកបុស្បុកទឹក សម្រាប់តម្កល់រដ្ឋធម្មនុញ្ញនៅពីលើខឿនបន្ទប់ ដែលទស្សនាទាននេះតំណាងឲ្យការអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នៅក្នុងបរិបទរបស់ខ្មែរ ដែលជារដ្ឋអធិបតេយ្យមួយ មានខឿនអរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីល្អ តាំងពីបុរាណកាលមក។

ចំណែកប្លង់ទូទៅនៃវិមានរដ្ឋធម្មនុញ្ញ ត្រូវបានសិក្សាដោយឈរលើទស្សនាទាន ស្ថាបត្យកម្មបូកបញ្ចូលគ្នា គឺ ត្រីមូរតិ និងបានសិក្សាតាមលំនាំប្រាសាទពិមានអាកាស និងប្រាសាទនាគព័ន្ធដែលប្រាសាទពិមានអាកាសតំណាងឲ្យព្រះភូមិរក្សាព្រះនគរ ចាត់ទុកជាច្បាប់ដែលរក្សាព្រះនគរ តាមទស្សនៈរបស់ព្រហ្មសាសនា។ ចំណែកប្រាសាទនាគព័ន្ធ ជាប្រាសាទនៃមន្ទីរព្យាបាលរោគ នាសម័យមហានគរ និងជានិមិត្តរូប នៃការនាំសត្វលោកទៅកាន់ទីបរមសុខ ពោលគឺព្រះនិព្វាន តាមទស្សនៈរបស់ព្រះពុទ្ធសាសនា របស់ខ្មែរ។

* កំពូលបុស្បុកធ្វើពីស្ពាន់ មានប្រាំពីរថ្នាក់ តំណាងឲ្យភ្នំព្រះសុមេរុ ដែលមានភ្នំប្រាំពីរជាន់ព័ទ្ធជុំវិញភ្នំព្រះសុមេរុ រាប់ពីក្រៅទីក្នុងមាន ភ្នំសុទស្សនៈ ភ្នំករវីក ភ្នំឥសិន្ទរៈ ភ្នំយុគន្ទរ ភ្នំនេមិន្ទរៈ ភ្នំវិនតក និងភ្នំអស្សកណៈ។ កំពូលក្បាច់ផ្កាបិណ្ឌតំណាងឲ្យឋានបរមសុខ គឺព្រះនិព្វាន។ ភ្នំនេះ គឺជាទីតាំងនៃចាតុម្មហារាជិកាទេវតា និងតាវត្តឹសទេវតា។

* តួបុស្បុកធ្វើពីស្ពាន់ មានជើងជាសារពើសូត្រ និងលម្អដោយក្បាច់ទម្រទែនទយ និងផ្តែរ ក្បាច់កញ្ចាំងភ្ញីទេស។

* ខឿនបុស្បុក មានបីថ្នាក់ផ្សារភ្ជាប់នឹងទស្សនាទានស្ថាបត្យកម្មសិល្បៈរ៉ូម៉ាំង ដែលរដ្ឋធម្មនុញ្ញខ្មែរបច្ចុប្បន្ន បានទទួលឥទ្ធិពលពីរដ្ឋធម្មនុញ្ញនិយមទំនើបបែបលោកខាងលិច។ ថ្នាក់ទី១ មានរាងបួនជ្រុង តំណាងអំណាចនីតិប្បញ្ញត្តិ និងតំណាងឲ្យមហាទិសធំទាំងបួន លម្អដោយបង្គោលសីមាចំនួនបួន តំណាងឲ្យអនុទិសទាំងបួន។ ថ្នាក់ទី២ តំណាងឲ្យអំណាចនីតិប្រតិបត្តិ ដែលថ្នាក់នេះមានជណ្តើរឡើងចំទិសធំ ទាំងបួន តំណាងឲ្យមហាទ្វីបតទាំងបួន មាន បុព្វវិទេហទ្វីប អបរគោយានទ្វីប ជម្ពូទ្វីប និងឧត្តរកុរទ្វីប។ ថ្នាក់ទី៣ តំណាងឲ្យអំណាចតុលាការ ជាទីតម្កល់ជើងពានរដ្ឋធម្មនុញ្ញ។ និយាយជារួម ខឿនបីជាន់តំណាងឲ្យអំណាចទាំងបី រួមមាន អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។

* បន្ទប់រាងបួនជ្រុងតំណាងឲ្យធាតុទាំងបួន រួមមាន​ ទឹក ដី ភ្លើង ខ្យល់ ជាទស្សនាទានស្ថាបត្យកម្ម នៃប្រាសាទនាគព័ន្ធ ជានិមិត្តរូបនៃការនាំសត្វលោកទៅកាន់ទីបរមសុខ ពោលគឺព្រះនិព្វាន តាមទស្សនៈរបស់ព្រះពុទ្ធសាសនា មហាយានរបស់ខ្មែរ។

* ខឿនមានរាងជាសញ្ញាកាកបាទ មានទស្សនាទានស្ថាបត្យកម្មប្រាសាទនាគព័ន្ធ និងមានលំនាំស្ថាបត្យកម្មរ៉ូម៉ាំង ដែលបង្ហាញពីអត្ថន័យនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជា។

* ទស្សនៈត្រីមូរតិ នៃការសាងសង់វិមានរដ្ឋធម្មនុញ្ញ
វិមានឯករាជ្យ វិមានព្រះបរមរូប និងវិមានរដ្ឋធម្មនុញ្ញ ត្រូវបានគិតរួមគ្នា តាមបែបទស្សនៈខ្មែរបុរាណ ដែលហៅថា ត្រីមូរតិ គឺការគោរពសក្ការៈបីរួមគ្នាតែមួយ។ ត្រីមូរតិ ជាសម្ព័ន្ធភាពនៃជំនឿដ៏ពិសិដ្ឋបំផុត ក្នុងសង្គមខ្មែរចុងសតវត្សរ៍ទី១០ ដែលកើតចេញពីឧត្តមគតិដូនតាក្នុងការសាងសង់ប្រាសាទបន្ទាយស្រី និងចម្លាក់តំណាងត្រីមូរតិ ក្នុងព្រះពុទ្ធសាសនា និងព្រហ្មសាសនា។ ការស្ថាបនាវិមានរដ្ឋធម្មនុញ្ញ ជាបង្គ្រប់បី លើបណ្តាញអ័ក្សជាមួយវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ពិតជាមានសារៈសំខាន់ណាស់ ក្នុងទស្សនៈជំនឿ វប្បធម៌ សាសនា ក៏ដូចជាការគោរពដ៏ម៉ឺងម៉ាត់ នូវមានគ៌ារដ្ឋធម្មនុញ្ញ ដែលទ្រឹស្តីត្រីមូរតិនេះ មានអត្ថន័យដូចគ្នា គឺជាការសង្ខេបដោយបំព្រួញខ្លី នៃអាទិទេពដ៏ស័ក្តិសិទ្ធិក្នុងព្រាហ្មណ៍ និងព្រះពុទ្ធសាសនាមហាយាន ក្នុងការជួយថែរក្សាទឹកដី និងមនុស្សជាតិនៃសង្គមខ្មែរឲ្យជួបតែសេចក្តីសុខចម្រើន មានវឌ្ឍនភាព ព្រមទាំងសេរីមង្គលតរៀងទៅ។ ទស្សនាទាន ត្រីមូរតិ ស្របនឹងទស្សនាទានបាវចនាជាតិ គឺ ជាតិ៖វិមានឯករាជ្យ សាសនា៖វិមានរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ៖មណ្ឌបព្រះបរមរូប៕