(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងថា គណបក្សប្រជាជនបានទទួលការគាំទ្រពីប្រជាពលរដ្ឋទូរទាំងប្រទេស មកទល់ពេលបច្ចុប្បន្ន គឺកើតចេញពីការជឿជាក់ ទុកចិត្តយ៉ាងមុតម៉ាំរបស់បងប្អូនប្រជាពលរដ្ឋ ដោយផ្អែកឃើញថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សដែលមានភាពចាស់ទុំ ច្បាស់លាស់ និងមានការអភិវឌ្ឍន៍ជូនប្រទេសជាតិជាបន្តបន្ទាប់ ព្រមទាំងមានការដឹកនាំដ៏ឆ្លាតវៃពីសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា។

ការលើកឡើងបែបនេះរបស់លោក គួច ចំរើន ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាតាមន្ទីរ អង្គភាពទូទាំងខេត្តព្រះសីហនុ នាសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ដោយមានការចូលរួមពីលោក វង្ស ផាណាត អនុប្រធានប្រចាំការ និងលោក ម៉ាង ស៊ីណេត អនុប្រធានគណបក្សខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាតាមមន្ទីរ អង្គភាពទាំង១១ ក្នុងខេត្តព្រះសីហនុ សរុបជាង៨០០នាក់។

លោក គួច ចំរើន បានលើកឡើងថា ដើម្បីពង្រឹងការរីកចម្រើន នៃគណបក្សប្រជាជនកម្ពុជាបន្តទៅមុខ ពិតណាស់គ្រប់មន្ទីរអង្គភាព ត្រូវជំរុញការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានការទុកចិត្ត ការគាំទ្រពីប្រជាពលរដ្ឋ។

គណបក្សប្រជាជនកម្ពុជា មានការគាំទ្រកើនឡើងជាបន្តបន្ទាប់មកនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង រួបរួមសាមគ្គីគ្នា ទើបគណបក្សប្រជាជនកម្ពុជាអាចឈជើងដ៏រឹមាំមកទល់សព្វថ្ងៃ ដូច្នេះក្នុងនាមយើងជាសមាជិក សមាជិការគណបក្សខេត្ត ត្រូវតែខិតខំបន្តពង្រឹងសមត្ថភាពតទៅមុខទៀតឲ្យកាន់តែរីកចំរើនជានេះ (ពង្រឹងខាងក្នុង ពង្រីកខាងក្រៅ)។ ក្នុងនោះយើងក៏មើលឃើញថា រយះពេលថ្មីៗនេះសមាជិកប្រឆាំងជាច្រើន បានកែរប្រែងាកមកសុំចូលរួមជីវភាពគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ដោយសារអំពើល្អ ភាពច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ហើយនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ និងសុខដុមរមនា ទៅថ្ងៃអនាគត។

ជាមួយគ្នានេះអភិបាលខេត្ត បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ទទួលបានកាអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ មានការវិនិយោគមកពីបណ្តាប្រទេសនានា មានផ្លូវស្រស់ស្អាត៣៧ខ្សែ គឺជាផ្លូវមេ ដែលជាថវិការរបស់រាជរដ្ឋាភិបាល ក្រៅពីផ្លូវមេ យើងក៏ឃើញមានការសាងសង់ហេដ្ឋារចនាសម្ព័ននៅតាមមូលដ្ឋានឃុំ សង្កាត់ តាមរយៈកញ្ចប់ថវិការរបស់ខេត្តបានរៀបចំពង្រាយប្រែក្លាយផ្លូវដែលក្រាលគ្រួសក្រហម ទៅជាផ្លូវបេតុងផ្លូវដែលមានដីស ទៅជាផ្លូវក្រាលគ្រួសក្រហម ដើម្បីសម្រួលការធ្វើដំណើរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ប្រធានគណបក្សបានបន្តថា ក្រៅពីកិច្ចការស្នូល មន្ត្រីរបស់យើងអាចជួយជម្រុញកែលម្អការបំរើសេវាសាធារណប្រកបដោយគុណភាព គុណតម្លៃ និងការគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងខេត្ត ត្រូវចៀសវាងការកោសរុះរកលុយ សេវាក្រៅ ដែលបង្កឱ្យមាន ផលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ ដូច្នេះយើងត្រូវរួមគ្នាចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការបំរើសេវាសាធារណតាមយន្តការច្រក និងអង្គភាពច្រកនៅទូទាំងខេត្ត ឆ្លុះបញ្ចាំងការគាំទ្រពីមហាជន។

រាជរដ្ឋាភិបាលបានចាប់ ផ្តើមអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់ទ្វេដងជូនស្រីមានផ្ទៃពោះ និងស្រ្តីដែលបំរើការងារនៅតាមរោងចក្រសហគ្រាសចាប់ពីថ្ងៃទី១ ខែសីហា ២០២៣នេះតទៅ ដោយតំឡើងសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះទ្វេដងចាប់ពីមានផ្ទៃពោះរហូតកុមារអាយុ ០២ឆ្នាំ គឺសាច់ប្រាក់កើនឡើងរហូតដល់ ១.៤២០.០០០រៀល ដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះលោក គួច ចំរើន ប្រធានគណបក្សខេត្ត ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភជូនសមាជិក សមាជិកាចូលរួមក្នុងម្នាក់ទទួលបាន ១០ម៉ឺនរៀល៕