(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសដីព្រៃឈើនៅទីតាំងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងបេសកកម្មនេះ លោក ម៉ែន អេង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងមានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងក្រុមការងារ លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកនិងកងកម្លាំងទាំងបី និងសមត្ថកិច្ចពាក់ព័ន្ធសរុបចំនួន៧៣នាក់។

លោក ម៉ែន អេង បានបញ្ជាក់ថា យុទ្ធនាការនេះ បានធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីអំពីការទប់ស្កាត់ និងបង្ក្រាបការរុករានទន្ទ្រានដីរដ្ឋ។

លោកថា កន្លងមកមានប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីរដ្ឋចំការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្ម នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអនាធិបតេយ្យ ដែលបណ្តាលមកពីមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងប្រជាពលរដ្ឋ៧៨គ្រួសារ ពាក់ព័ន្ធទៅនឹងដី៤៧៦ហិកតា ទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតាតែប៉ុណ្ណោះ។

លោកសង្កត់ធ្ងន់ថា ជាលទ្ធផលក្រុមការងារសម្រេចដកបង្គោលនៅលើដីស្ថានីយ៍ ដែលបានបោះបង្គោលចាប់យកដី និងដាំដំណាំលើដីរបស់ស្ថានីយដាំកូនឈើក្រសាំងរបស់រដ្ឋ ចំនួន៥០ហិកតា និងដកកូនកៅស៊ូ បានចំនួន ២៥០ដើម រួចរាល់ផងដែរ ក្រោយពីរដ្ឋបាលខេត្តធ្លាប់បានធ្វើការណែនាំនិងផ្សព្វផ្សាយច្បាប់អំពីការកាន់កាប់ និងអាស្រ័យផលលើដីព្រៃរបស់រដ្ឋរួចហើយផងដែរ៕