(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព ឧបាសក លឹម រ៉េត (លឹម គ្រុយ) ឪពុកបង្កើតលោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលទទួលមរណភាព កាលពីវេលាម៉ោង១២ និង១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។

ពិធីគោរពវិញ្ញាណក្ខន្ធសព ធ្វើឡើងនៅគេហដ្ឋាននៃសព ផ្ទះលេខ១៧៤ ផ្លូវលេខ៣ បុរីពិភពថ្មី ចំការដូង១ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ខូយ រីដា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមសម្តែងនូវការចូលរួមទុក្ខដ៏ក្រៀមក្រំ និងរន្ធត់ក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឧបាសក លឹម រ៉ត (លឹម គុយ) ត្រូវជាឪពុកបង្កើតរបស់លោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត បានទទួលមរណភាព នាថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង១៥នាទី ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងបរិយាកាសប្រកបដោយទុក្ខសង្រេងនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត រួមជាមួយលោកអភិបាលរងខេត្ត និងក្រុមគ្រួសារ នៃសពទាំងអស់ ដែលបានបាត់បង់នូវលោក ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃថ្លៃថ្លា ដែលកន្លងមកឧបាសក បានតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន កូនប្រុស ស្រី រហូតក្លាយជាបញ្ញវន្ត និងជាធនធានដ៏មានតម្លៃរបស់សង្គមជាតិ និងសាសនា។

លើសពីនេះ មរណភាពរបស់ឧបាសក លឹម រ៉ត គឺជាការបាត់បង់ដ៏ធំធេងនូវឧបាសក ដែលជាពុទ្ធសាសនិកជនមួយរូបដ៏ឆ្នើម ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ដ៏មានតម្លៃចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ព្រះពុទ្ធសាសនា និងសង្គមជាតិរហូតមក។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសនូវមហាកុសលទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធនៃសព ឧបាសក លឹម រ៉េត (លឹម គុយ) បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសនោះ លោក ខូយ រីដា បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានប្រគល់ថវិកាមួយចំនួន ទុកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕