(ឧត្តរមានជ័យ)៖ សមាជិកគណបក្សភ្លើងទៀនចំនួន៣៥នាក់ រស់នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្ម័គ្រចិត្តចាកចេញពីគណបក្សភ្លើងទៀន មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សភ្លើងទៀនទាំង៣៥នាក់ ដែលបានផ្តាច់ខ្លួនចូលមករួមរស់ជាមួយគណបក្សប្រជាជន បានរៀបចំធ្វើឡើងនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណសាលា បឋមសិក្សាអភិវឌ្ឍន៍ ក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រោមវត្តមានលោក ផៃ ប៊ុនវណ្ណៈ អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងសំរោង និងលោក អ៊ុំ ចាន់ថុល អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់កូនគ្រៀល។

លោក ផៃ ប៊ុនវណ្ណៈ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ពិសេសលោកកិត្តិសង្គហណ្ឌិត គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ក្រុមការងារទាំងអស់ ដែលកន្លងមកតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងការរស់នៅរបស់សមាជិកគណបក្សគ្រប់ៗរូប។

លោក ផៃ ប៊ុនវណ្ណៈ បានថ្លែងទៀតថា ការសម្រេចចិត្តចាកចេញរបស់សមាជិករបស់គណបក្សភ្លើងទៀនចំនួន៣៥នាក់នាពេលនេះ គឺជាការសម្រេចចិត្តដ៍ត្រឹមត្រូវបំផុត ដើម្បីយើងរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនគ្រប់វិស័យថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

សមាជិកគណបក្សភ្លើងទៀនទាំង៣៥នាក់ បានធ្វើការប្ដេជ្ញាចិត្តដោយឈប់ជឿតាមការញុះញង់របស់គណបក្សភ្លើងទៀនទៀតហើយ។ ពួកគាត់ស្មោះស្មោះត្រង់ជានិច្ខជាមួយគណបក្សប្រជាជនកម្ពុជា ហើយសូមអភ័យទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងពួកគាត់កន្លងមក ពួកគាត់ប្តេជ្ញានឹងទៅចូលរួមបោះឆ្នោតនថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសតទៅទៀត៕