(កំពង់ស្ពឺ)៖ ក្រុមយុវជន បានប្រកាសគាំទ្រគោលនយោបាយណាដែលរក្សាសន្តិភាព គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងប្រឆាំងដាច់ខាតក្រុមជ្រុលនិយមទាំងឡាយណាដែលមានបំណងទាញប្រទេសកម្ពុជា ឱ្យធ្លាក់ក្នុងភាពវឹកវរដូចអតីតកាល។

ក្នុងឱកាសដឹកនាំក្រុមយុវជនជាង៤០នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅឧទ្យាជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ លោក មួង សុភ័ក្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានបញ្ជាក់ថា គោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឱ្យប្រទេសកម្ពុជា មានសន្តិភាព មានស្ថិរភាព និងការអភិវឌ្ឍជានិរន្ត។

ក្នុងនាមជាអ្នកស្រាវជ្រាវវ័យក្មេង លោកបានប្រកាសគាំទ្រលើការអភិវឌ្ឍទាំងឡាយណាដែលមានការចំណេញដល់ប្រទេស ព្រមទាំងពង្រីកសេដ្ឋកិច្ចមូលដ្ឋាន។ «ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព គឺសំខាន់មែនទែនដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានប្រកបមុខរបររស់នៅជួបជុំគ្រួសារ ភាពសុខដុមរមនា»។

លោក មួង សុភ័ក្រ បានគូសបញ្ជាក់ថា៖ «យើងជាយុវជន សូមប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមណាមួយដែលមានបំណងធ្វើឱ្យប្រទេសវឹកវរ ហើយបង្កើតជាចលនាផ្សេងៗ ដោយគ្មានហេតុផលច្បាស់លាស់ដែលធ្វើឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ»

លោក ហ៊ល សុខគា អនុប្រធានប្រតិបត្តិក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានថ្លែងថា លោកគាំទ្រនូវគោលនយោបាយទាំងឡាយដែើលកំពុងអភិវឌ្ឍន៍ដូចបច្ចុប្បន្នរបស់រាជរដ្ឋាភិបាល។ ជាពិសេសការអភិវឌ្ឍតំបន់អេកូទេសចរណ៍ធម្មជាតិនៅឧទ្យានជាតិគិរីរម្យ ដែលបានចូលរួមចំណែកផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយនឹងការមើលឃើញពីភាពរីកចម្រើនផ្នែកអេកូទេសចរណ៍ធម្មជាតិ នៅតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ, លោក សុខគា បានបញ្ជាក់ថា «ក្នុងនាមខ្ញុំជាយុវជនម្នាក់ដែលបានមកដល់ទីនេះ មើលឃើញថាស្ថានភាពតំបន់ឧទ្យានជាតិគិរីរម្យនេះមានការរីកចម្រើនយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិ ដូច្នេះ ខ្ញុំសូមគាំទ្រគោលនយោបាយទាំងឡាយផ្តល់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល»

ដោយឡែកសម្រាប់យុវជនម្នាក់ទៀត បានលើកឡើងថា ការងាររក្សាបាននូវសុខសន្តិភាពនេះ គឺមិនមែនជាភាពងាយស្រួលនោះទេ។ សុខសន្តិភាព មិនមែនធ្លាក់ពីលើមេឃ ឬមិនមានការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋនោះដែរ។ ព្រមទាំងប្រឆាំងដាចខាតរាល់ទង្វើប្រឆាំងគ្រប់រូបភាពដែលមានបំណងបំផ្លាញសុខសន្តិភាព ការបំបែកបំបាក់សាមគ្គីជាតិសាសន៍ឯង ប៉ុន្តែសូមគាំទ្ររាល់ការរិះគន់ទាំងឡាយណាដើម្បីចូលរួមស្ថាបនាជាតិ៕