(ភ្នំពេញ)៖ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំទិវា​ជាតិអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៦ ឆ្នាំ​២០២៣ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅ​អគារពិព័រណ៌ពាណិជ្ជកម្ម​កោះពេជ្រ រាជធានីភ្នំពេញ ក្រោម​ប្រធានបទ «TVET ផ្តល់ជំនាញ និង​ការងារសមរម្យ»។

នៅក្នុងឱកាសនៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិពរណ៍វឌ្ឍនភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ របស់ក្រសួងស្ថាប័ន, វិស័យ​ឯកជន និងដៃគូអភវិឌ្ឍនានា ជាពិសេសស្នាដៃនិស្សិតផលិតជា Drone, Robot និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ​ លើកទី៦ ​អញ្ជើញ​ជាអធិបតីដោយបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

តាមរយៈកម្មវិធីរយៈពេល​២ថ្ងៃនេះ ក៏​មានការធ្វើបាឋកថាពីវាគ្មិនល្បីៗ ពាក់ពន្ធនឹងការសិក្សារៀនសូត្រ និងការចូលបម្រើការងារ ដូចជាព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័នគល់ទទឹង, អ្នកឧកញ៉ា គួច ម៉េងលី និងលោកគ្រូ ឃឹម សុខហេង ជាដើម។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោល​បំណងដើម្បីលើក​កម្ពស់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និងធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែកឯកជន​ឱ្យបានយល់អំពីសារៈសំខាន់ នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវេទ (TVET)» ក្នុងការជំរុញ​ការ​អភិវឌ្ឍកម្លាំង​ពលកម្ម​ជំនាញប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ទាំងក្នុង និង​ក្រៅ​ប្រទេស​។

សម្រាប់ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៦ ដែលនឹងប្រារព្ធធ្វើ​នៅ​ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៣ ប្រព្រឹត្ត​ទៅក្រោម​ប្រធានបទ “TVET ផ្តល់ជំនាញ និង​ការងារ​សមរម្យ” ដោយ​ប្រធានបទនេះ ​ស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន ជាពិសេស​ប្រជាពលរដ្ឋម្នាក់​ត្រូវ​មានជំនាញ​មួយ​យ៉ាងតិចប្រចាំជីវិត៕