(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានស្នើដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់បន្តរួបរួមសាមគ្គីគ្នា និងចូលរួមថែរក្សាសុខសន្តិភាពដែលកំពុងតែកើតមាន ដើម្បីទទួលបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ជាពិសេសនៅទឹកដីខេត្តពោធិ៍សាត់ផ្ទាល់។

លោកបានស្នើបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងក្រុងពោធិ៍សាត់ប្រមាណជិត១ពាន់នាក់ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣​ នៅសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នានេះធ្វើឡើងដើម្បីបង្កឱកាសបានជួបជុំពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួន និងសួរសុខទុក្ខ​ សំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវចំណងសាមគ្គីភាព និងមិត្តភាព ពិសេសបានជម្រាបជូនអំពីដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ។

លោកបានថ្លែងថា «យើងមានកិច្ចការជាច្រើនត្រូវបំពេញ និងធ្វើការអភិវឌ្ឍនៅក្នុងខេត្តបន្តទៅទៀត ដើម្បីកែប្រែមុខមាត់ខេត្តរបស់យើងកាន់តែលេចធ្លោមួយកម្រិតថែមទៀត។ ពិតណាស់លោកគ្រូអ្នកគ្រូត្រូវបានចាត់ទុកជាបុគ្គលគម្រូ ជាពុម្ព ជាថ្នាលបណ្តុះនូវធនធានមនុស្សយ៉ាងសំខាន់ ទាំងចំណេះដឹង ចំណេះធ្វើសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ»

លោកបានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ គប្បីយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាលបានខិតខំផ្តល់អាទិភាព ចំពោះវិស័យអប់រំទូទាំងប្រទេស ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ សំដៅធ្វើយ៉ាងណាឲ្យការបង្រៀន និងរៀនទទួលបានគុណភាពខ្ពស់។

បន្ថែមពីនោះ លោកក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់សូមបន្តរួបរួមសាមគ្គីភាពផ្ទៃក្នុងគ្នា និងចូលរួមថែរក្សាសុខសន្តិភាពដែលកំពុងតែកើតមានសព្វថ្ងៃ ដើម្បីទទួលបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ជាពិសេសនៅក្នុងទឹកដីខេត្តពោធិ៍សាត់ផ្ទាល់។

លោកបានអំពាវនាវឱ្យលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានទាំងអស់គ្នា។

បន្ទាប់ពីដោះស្រាយនូវសំណូមពររបស់លោកគ្រូ អ្នកគ្រូនាឱកាសនោះរួចមក លោកក៏បានចែកជូនវត្ថុកំដរដៃដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំក្នុងក្រុងពោធិ៍សាត់ប្រមាណជិត១ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបានមី១កេស និងថវិកា៤ម៉ឺនរៀល៕