(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំសហការី នាំយកថវិកា ចំនួន១៧,០០០,០០០លានរៀល ប្រគល់ជូនលោកវរសេនីយ៍ទោ ចេក ឈុន នាយការិយាល័យរដ្ឋបាល និងក្រុមគ្រួសារ សម្រាប់ធ្វើផ្ទះថ្មី ដែលជួបការខ្វះខាត នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ថវិកាដែលបានមកនេះ ជាថវិកាបានពីកងកម្លាំងឧបត្ថម្ភ រៃអង្គាស់គ្នា ពីបណ្តាថ្នាក់ដឹកនាំ ស្នងការរង លោកអធិការ នគរបាលក្រុងស្រុក លោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោក លោកនាយការិយាល័យ និងមន្រ្តីទាំងអស់របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយគ្នាទៅវិញមកក្នុងនាមជាកងកម្លាំងដូចគ្នា និងជាវប្បធម៍ចែករំលែកដ៏ល្អផូផង់ សម្រាប់ដោះស្រាយរាល់ការលំបាកផងដែរ ។

លោក វរសេនីយ៍ទោ ចេក ឈុន ព្រមទាំងក្រុមគ្រួសារ ក៏សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ និងថ្នាក់ដឹកនាំស្នងការរង លោកអធិការ លោកមេបញ្ជាការ លោកនាយការិយាល័យ រួមមន្ត្រីទាំងអស់ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕