(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំការជួបជុំសមាជិកជាង៥០០នាក់ជាថ្មីម្ដងទៀត នៅថ្ងៃទី២១​ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន។ ការផ្ដួចផ្ដើមគំនិតក្នុងការជួបប្រជុំអ្នកសារព័ត៌មាននាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភាផងដែរ។

ការជួបជុំនេះ នឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិអប់រំ ដោយត្រូវបានចែកចេញជាបីវគ្គ៖

* វគ្គទី១៖ ចាប់ផ្ដើមពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច គឺជាវគ្គពិភាក្សា សួរដេញដោល និងចែករំលែកពិសោធន៍ព្រមទាំងចំណេះដឹង ស្ដីពីការអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន។ នៅក្នុងវគ្គនេះ លោក ពុយ គា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា នឹងធ្វើបទបង្ហាញអត្ថបទក្រមសីលធម៌របស់ក្លិបអ្នកកាសែតដល់សមាជិកទាំងអស់។ ក្នុងពេលនោះដែរ ក៏មានវត្តមានអ្នកកាសែតជើងចាស់ ដែលពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេស (អូស្រាលី បារាំង អាល្លឺម៉ង់ ថៃ និងអេស្បាញ) ១០រូប រង់ចាំឆ្លើយសំណួរ និងចែករំលែកពិសោធន៍របស់ពួកគេផងដែរ។

* វគ្គទី២៖ ចាប់ពីម៉ោង៥ ដល់ម៉ោង ៦ល្ងាច គឺជាវេទិកាសំណេះសំណាលរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយសមាជិកក្លិបអ្នកកាសែតកម្ពុជា។

* វគ្គទី៣៖ ជាពិធីបរិភោគអាហារសាមគ្គី ដែលភ្ជាប់មកជាមួយនឹងការចាប់រង្វាន់ជាច្រើនដែលគាំទ្រដោយវិស័យឯកជន និងសប្បុរសជនដែលគាំទ្រ និងលើកស្ទួយវិស័យសារព័ត៌មានកម្ពុជា។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា៖ «នេះជាវេទិកាដ៏ធំមួយនៅក្នុងប្រវត្តិនៃវិស័យសារព័ត៌មានដែលបើកឱ្យមានការពិភាក្សាវែកញែកអំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានដែលជាប្រធានបទដ៏ក្តៅនៅក្នុងយុគសម័យឌីជីថល»។
លោកបានបន្ថែមថា៖«ខ្ញុំមានជំនឿជឿជាក់ថា វេទិកានេះនឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឱ្យកាន់តែប្រសើរ ជាពិសេស ក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តងដែលជាខែលការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់…»។

គួរកត់សម្គាល់ថា វិស័យសារព័ត៌មាននៅកម្ពុជាត្រូវបានយកចិត្តទុកដាក់ពីសំណាក់មហាជនទូទៅ និងពីវិស័យឯកជនជាច្រើនផងដែរ។ ហេតុដូច្នេះហើយបានជាការជួបជុំអ្នកសារព័ត៌មាននៅក្នុងក្របខណ្ឌក្លិបអ្នកកាសែតកម្ពុជា ទទួលបានការគាំទ្រជាស្មារតី និងសម្ភារផង ពីវិស័យឯកជនក្នុងស្រុក និងបរទេស ដែលធ្លាប់ជាដៃគូរបស់ក្លិបអ្នកកាសែតកម្ពុជា៕