(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យ ចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ដែលត្រូវបានសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ សម្តេចវិបុលបញ្ញា សុខ អាន អនុប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

សារលិខិតថ្លែងអំណរព្រះរាជគុណមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 50.000 USD ( ហាសិបពាន់ដុល្លារអាមេរិក) អំពី សម្តេចព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នៅក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»

«ខ្ញុំម្ចាស់ និងសហការី សូមព្រះបរមរាជានុញ្ញាតសម្ដែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ខ្ញុំម្ចាស់ និងសហការី នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងសកម្មភាពមនុស្សធម៌សម្រាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»

«ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ នានាក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ»

ខាងក្រោមជាខ្លឹមសារទាំងស្រុង នៃព្រះរាជសារលិខិតរបស់ ព្រះករុណា ព្រះមហាក្សត្រ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសារលិខិតថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖