(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ជាកិច្ចចាប់ផ្តើម លោកស្រី និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ អំពីរបាយការណ៍សិក្សា លើការស្នើសុំការផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោករដ្ឋមន្រ្តី។

ជាមួយគ្នានោះ លោកស្រីបានគូសបញ្ជាក់ថា ផ្អែកតាមការពិនិត្យ និងសិក្សាលើទម្រង់ច្បាប់ និងគតិច្បាប់ សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា-វៀតណាម បានរៀបចំឡើងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦នេះផងដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនសម័យប្រជុំពេញអង្គរដ្ឋសភាអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងគោលបំណង អត្ថប្រយោជន៍ និងទិសដៅក្នុងការអនុវត្ត ដែលកម្ពុជានឹងទទួលបាននៅពេលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន។

ក្រោយពីបានស្តាប់នូវរបាយការណ៍យ៉ាងយកចិត្តទុកដាក់ដែលរាយការណ៍ដោយលោកជំទាវប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកឧត្តមរដ្ឋមន្រ្តី សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយទទួលបានការអនុម័តយល់ព្រមក្នុងសម្លេង ៩៤សម្លេង។

លោករដ្ឋមន្រ្តី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចចក្រីប្រធានអង្គប្រជុំ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ខាងលើ នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេស កិច្ចព្រមព្រៀងនឹងក្លាយជាយន្តការ ក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ ឲ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។

ក្រសួងពាណិជ្ជកម្ម នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឲ្យមានប្រសិទ្ធភាព ដើម្បីសម្រួល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែន ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម៕