(ព្រះវិហារ)៖ យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវបានរៀបចំជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌុលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏ដូចជាសាច់ញាតិ ក្រុមគ្រួសារ បងប្អូន ជាច្រើនរូបទៀតផងដែរ។

លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា ក្នុងនាមលោកអភិបាលខេត្តព្រះវិហារ លោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើប ជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌុលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។

លោកស្រីបានថ្លែងកោតសរសើរកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បេសកកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឺការសម្រិត សម្រាំងយ៉ាងសុក្រឹត ក្នុងការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថថ្មី ប្រកបដោយតម្លាភាព គុណភាព ស្របតាមគោលការណ៍ និតិវិធីនៃក្របខណ្ឌច្បាប់ជាធរមាន។

លោកស្រីអភិបាលរងខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ការរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌុលប្វឹកហ្វឺនកងរាជអាវុថហត្ថ ភ្នំជំរាយនាពេលនេះ គឺបានបញ្ជាក់ឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ចំពោះយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីរបស់យើង។លោកស្រីបានថ្លែងនូវអំណរគុណយ៉ាងធំធេង ដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងស្នូលក្នុងការស្វែងរក និងថែរក្សាសុខសន្តិភាព បូរណភាពទឹកដីជូនជាតិមាតុភូមិ រហូតមានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។

លោកស្រី ប៉ាង រ៉ាវី ក៏បានថ្លែងអំពាវនាវឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍគ្រប់វិស័យថែមទៀត ដោយក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ខេត្តព្រះវិហារ សូមគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕