(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយច្រានចោលការផ្សាយរបស់ព័ត៌មានអង់គ្លេស BBC ដែលថា មានការបង្ខាំង និងធ្វើទារុណកម្ម ជនជាតិចិន ៤រូប នៅទីតាំងឈ្មោះ ហ័ងឡី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្អែកតាមលទ្ធផល នៃការស្រាវជ្រាវបញ្ជាក់ព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ វីដេអូ រយៈពេល ៤៧នាទី ដែលបានចាក់ផ្សាយ ដោយសារព័ត៌មានឈ្មោះ BBC និងមានមូលដ្ឋាន នៅប្រទេសអង់គ្លេស គឺជាព័ត៌មានពុំមានប្រភព និងមូលដ្ឋានច្បាស់លាស់ ដោយប្រើប្រាស់សភាពការណ៍ចាស់ៗ ដែលបានកើតឡើងនាពេលកន្លងមក ដែលអាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបទាន់ពេលវេលារួចមកហើយ។

វីដេអូនោះ មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងទប់ស្កាត់ និងលុបបំបាត់អំពើជួញដូរមនុស្សលើគ្រប់ទម្រង់ ព្រមទាំងបានទាញនូវសេចក្តីសន្និដ្ឋាន ហើយចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើអាជ្ញាធរខេត្តព្រះសីហនុ។

«រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់សារ ព័ត៌មានឈ្មោះ BBC នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «Pig Butchering Romance Scam»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕