(កំពត)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកស្រី ស ម៉ាលីដា សោមពិសិដ្ឋ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ព្រមទាំងក្រុមការងារពាក់ព័ន្ធ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខស្ត្រីមានផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប ស្ថិតនៅសង្កាត់កែប ក្រុងកែប។

លោក សោម ពិសិដ្ឋ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ មិនប្រកាន់ មិនរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីនោះទេ។

លោកអភិបាលខេត្តក៏បានក្រើនរំលឹកដល់ស្ត្រីមានផ្ទៃពោះដែលខ្លះជិតសម្រាលកូន ក្នុងមន្ទីរពេទ្យបង្អែកខេត្តកែបទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាអនាម័យ សុខភាពឲ្យបានល្អ និងពេលសម្រាលកូនរួចហើយ បានវិលត្រឡប់ទៅផ្ទះវិញនោះ គឺបន្តប្រឹងប្រែង ប្រកបរបររកស៊ី បង្កបង្កើតផល ដើម្បីជួយសម្រាលជីវភាពឲ្យបានកាន់តែប្រសើរ និងត្រូវបន្តបង្កើនការប្រុងប្រយ័ត្នយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវសុវត្តិភាពពាក់ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ទន្ទឹមនេះ លោកអភិបាលខេត្តបានផ្ដល់អំណោយ និងថវិកាមួយចំនួនដល់ស្ត្រីមានផ្ទៃពោះដែលបាននិងកំពុងសម្រាកក្នុងមន្ទីរពេទ្យបង្អែកខាងលើផងដែរ៕