(រតនគិរី)៖ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅសាលាខេត្តរតនគិរី។

របៀបវារៈសំខាន់ៗចំនួន៤ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមមាន៖
១. ពិនិត្យកំណត់ហេតុកិច្ចប្រជុំនាពេលកន្លងមក
២. បទបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុត្រីមាសទី១ឆ្នាំ២០២៣
៣. កិច្ចពិភាក្សាស្តីពីការរៀបចំទិវាពិភពលោក ៨ ឧសភា ខួបលើកទី១៦០
៤. ការបូកសរុប និងបិទកិច្ចប្រជុំដោយលោកប្រធានគណៈកម្មាធិការសាខា។

លោកញ៉ែម សំអឿន បានឱ្យដឹងថា កិច្ចប្រជុំនេះគឺរៀបចំឡើងរៀងរាល់៣ខែម្ដង ដើម្បីពិនិត្យរៀបចំនូវរបាយការណ៍ហិរញ្ញវត្ថុ និងបូកសរុបលទ្ធផល អនុវត្តការងារក្នុងវិស័យអាទិភាពរួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងបម្រែបប្រួលអាកាសធាតុ ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ការងារអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធាន និងបញ្ហាប្រឈមផ្សេងៗ។

ជាមួយគ្នានោះ លោក ញ៉ែម សំអឿន បានពិភាក្សាជាមួយអង្គប្រជុំ និងដាក់ចេញនូវទិសដៅបន្តសម្រាប់ត្រីមាសទី២ឆ្នាំ២០២៣ រួមមាន ៖

១. ត្រៀមលក្ខណៈរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២៣ និងការងារទ្រទ្រង់សមាជិកភាពប្រចាំឆ្នាំ ដើម្បីកៀរគររកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋានសម្រាប់បន្តកិច្ចការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ។

២. បន្តអនុវត្តការងារសំខាន់ៗក្នុងវិស័យអាទិភាពទាំង៤ ពិសេសបន្តបញ្ជ្រាបការផ្សព្វផ្សាយ ការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ និងត្រៀមបង្ការហានិភ័យផ្សេងៗដែលកើតឡើងពីការប្រែប្រួល អាកាសធាតុ និងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះតាមលទ្ធភាពសាខា៕