(កំពង់ឆ្នាំង)៖ ប្រជាកសិកររស់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលប្រកបមុខរបរធ្វើស្រែប្រាំងកំពុងមមាញឹកក្នុងការប្រមូលផលប្រកបដោយទឹកចិត្តសប្បាយរីករាយ ដោយសារតែផលស្រូវឆ្នាំនេះទទួលបានទិន្នផលល្អ ហើយអ្វីដែលធ្វើឲ្យពួកគាត់រឹតតែសប្បាយចិត្តជាងនេះទៅទៀតនោះ គឺតម្លៃស្រូវឆ្នាំនេះមានតម្លៃថ្លៃជាងឆ្នាំណាៗទាំងអស់។

ខណៈដែលគាត់កំពុងប្រមូលផលស្រូវប្រាំងរបស់គាត់នៅក្នុងស្រែ កសិករ ផង់ មាន អាយុ៣៣ឆ្នាំ រស់នៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង បានប្រាប់ Fresh News នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះថា គ្រួសាររបស់គាត់មានស្រែផ្ទាល់ខ្លួនចំនួន៣ហិកតា គាត់បានប្រកបមុខរបរធ្វើស្រែប្រាំងនេះជាច្រើនឆ្នាំមកហើយ ចំពោះការប្រកបមុខរបរធ្វើស្រែប្រាំងកន្លងមក ពេលប្រមូលផល ក្រៅពីទុកហូបសម្រាប់ក្រុមគ្រួសារខ្លះ សល់បន្តិចបន្តួចលក់យកប្រាក់ទុកដើម្បីឱ្យកូនទៅសាលារៀន និងទុកសម្រាប់ការចាយវាយផ្សេងៗខ្លះ។

ប៉ុន្តែឆ្នាំនេះគ្រួសារគាត់ចង់សាកល្បងធ្វើស្រែឱ្យច្រើនជាងឆ្នាំមុនៗ ដោយបានសម្រេចចិត្តជួលស្រែគេចំនួន៣០ហិកតាបន្ថែមទៀត ដោយក្នុង១ហិកតាតម្លៃឈ្នួល៥០ម៉ឺនរៀល និងបានខ្ចីប្រាក់ពីអង្គការឥណទាន ដើម្បីយកមកធ្វើដើមទុនសម្រាប់ការចំណាយផ្សេងៗ ដូចជាចំណាយទៅលើថ្លៃជួលស្រែ ថ្លៃជី ថ្លៃប្រេង ថ្លៃម៉ាស៊ីនបូមទឹក ថ្លៃពូជស្រូវ នៅពេលប្រមូលផល ក៏ត្រូវចំណាយទៅលើម៉ាស៊ីនច្រូត ចំណាយទៅលើឈ្នួលច្រកស្រូវ។ល។ ដូច្នេះការចំណាយខាងលើនេះក្នុង១ហិកតាត្រូវចំណាយអស់ជាង២លានរៀល។

លោកបានបន្តឲ្យដឹងទៀតថា ចំពោះផលស្រូវដែលបានមកវិញ គឺក្នុងមួយហិកតាស្រែខ្លះបានផលពី៦តោនទៅ៧តោន បើតម្លៃស្រូវដូចឆ្នាំមុនៗទូទាត់ពីការចំណាយផ្សេងៗសល់ក្នុង១ហិកតា ពី២០ទៅ២៥ម៉ឺនរៀលដែរ ព្រោះរាល់ឆ្នាំស្រូវមានតម្លៃត្រឹមតែមួយគីឡូក្រាមពី៨០០ទៅ៨៥០រៀលតែប៉ុណ្ណោះ។ តែឆ្នាំនេះគាត់មានសំណាងណាស់ដោយសារតែជួលស្រែគេធ្វើច្រើន ហើយស្រូវឆ្នាំនេះទទួលបានទិន្នផលល្អ និងមានតម្លៃខ្ពស់ដោយក្នុងមួយគីឡូក្រាមមានតម្លៃ១,១០០រៀល ដូច្នេះក្នុងមួយហិកតាសល់ពីថ្លៃចំណាយផ្សេងៗអស់ទៅ គាត់អាចនៅសល់បានពាក់កណ្ដាលដើមឯណោះ។

ក្នុងនាមរូបគាត់ជាប្រជាកសិករក៏ដូចជាប្រជាកសិករដទៃទៀត នៅទូទាំងខេត្តកំពង់ឆ្នាំងផងដែរ មានចិត្តសប្បាយរីករាយឥតឧបមា និងមានកម្លាំងចិត្តក្នុងការប្រកបមុខរបរផ្នែកដំណាំស្រូវនេះនៅឆ្នាំក្រោយៗជាបន្តទៀត តែពួកគាត់ក៏មិនភ្លេចគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់កែរទម្រង់ផ្នែកកសិកម្មជូនប្រជាកសិករ ឱ្យផលដំណាំកសិកម្មមានតម្លៃខ្ពស់គួរជាទេមោទនៈ ដែលធ្វើឲ្យប្រជាកសិករមានទឹកចិត្តក្នុងការបែរមកចាប់យកមុខរបរផ្នែកកសិកម្មឡើងវិញផងដែរ។

ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែមេសានេះផងដែរថា ជាការពិតណាស់តម្លៃស្រូវឆ្នាំនេះគឺមានតម្លៃខ្ពស់តាំង ពីដើមរដូវមកម្ល៉េះ តម្លៃនេះឈ្មួញបានប្រមូលទិញនៅគ្រប់ទីកន្លែងទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។

ទាំងនេះគឺមកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលកំពុងផ្ដោតសំខាន់ទៅលើវិស័យកសិកម្ម គឺធ្វើយ៉ាងណាឲ្យភោគផលដំណាំរបស់ប្រជាកសិករមានតម្លៃខ្ពស់នៅលើទីផ្សារឡើងវិញ ហើយតម្លៃនេះនឹងស្ថិតថេរចាប់ពីពេលនេះរហូតតទៅផងដែរ៕