(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការរៀបចំផែនការ ការពារការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក-លោកស្រីស្នងការរង ក្រុមជំនួយការ លោក-លោកស្រីនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ១៦ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះរាជពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការ ហើយនឹងបន្តរត់តាមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំង ១០ប្រទេស មុនវិលត្រលប់មកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕