(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេងពិសេសមួយជូនជនរួមជាតិ ពាក់ព័ន្ធការបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ១៩។

តាមរយៈសារសំឡេងនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ការជួបជុំ ប៉ុន្ដែបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់តាមជម្រើសរៀងៗខ្លួនបាន។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានសម្រេចលើកលែងនូវកាតព្វកិច្ចធ្វើតេស្ដរហ័សសម្រាប់ការជួបជុំគ្រប់ប្រភេទផងដែរ តែបុគ្គលម្នាក់ៗអាចធ្វើតេស្ដរហ័សតាមជម្រើសរៀងខ្លួនបាន។

ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់ប្រជាពលរដ្ឋបន្ដរក្សាអនាម័យតាមរយៈការលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុលឲ្យបានញឹកញាប់។ សម្ដេចតេជោ បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវបន្ដតាមដានវាយតម្លៃឲ្យបានជាប់ជាប្រចាំ លើស្ថានភាពជំងឺកូវីដ១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

លើសពីនេះ សម្ដេចបានលើកទឹកចិត្តដល់បុគ្គលដែលមានការសង្ស័យ គប្បីប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» និងធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ដោយខ្លួន ព្រមទាំងតាមដានសុខភាពឲ្យបានត្រឹមត្រូវ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលនៅតែរក្សានូវវិធានការការពារ ដើម្បីត្រៀមប្រុងប្រយ័ត្នជានិច្ចឆ្លើយតបជាមួយសភាពការណ៍ដែលនឹងកើតឡើង ជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានឲ្យបានម្មត់ចត់ និងមានវិធានការសម្រាប់ស៉ីហ្គេមខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ប្រសិនបើបន្ដវិធានការធ្វើតេស្ដមុខចូលបើកព្រឹត្តិការណ៍ស៉ីហ្គេម ឬទស្សនាការប្រកួតស៉ីហ្គេម ច្បាស់ជាបង្កើតនូវបញ្ហាធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ និងការរង់ចាំរបស់ប្រជាពលរដ្ឋ អំពីការធ្វើតេស្ដ ប៉ុន្ដែយើងនឹងទម្លាក់បញ្ហានេះឲ្យបុគ្គលម្នាក់ៗ ក្នុងករណីសង្ស័យត្រូវធ្វើតេស្ដដោយខ្លួនឯង ហើយមិនចាំបាច់ទៅចូលរួមនោះដែរ ជៀសវាងបង្កើតបញ្ហាសម្រាប់អ្នកដទៃ។

សម្ដេចតេជោ ហ៊ុន សែន មើលឃើញថា ការកាត់បន្ថយនូវវិធានការទាំងពីរខាងលើនេះ នឹងសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទិញម៉ាស់ពាក់ និងបន្ថយការចំណាយនានា ព្រមទាំងពេលវេលា ក៏ដូចជាគ្រូពេទ្យសម្រាប់ការធ្វើតេស្ដទាំងរហ័ស និង PCRជាដើម។

ជាមួយគ្នានេះ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ជនរួមជាតិទាំងអស់ ដែលធ្វើឲ្យប្រទេសកម្ពុជាមានដំណើររហូតមកដល់សព្វថ្ងៃនេះ ដែលជាដំណើរជោគជ័យលើសមរភូមិកូវីដ១៩៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/132048