(ភ្នំពេញ)៖ អង្គការគណៈកម្មាធិការសហប្រតិបត្ដិការដើម្បីកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ ជូនដល់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ ដែលបង្កើតកម្មវិធីសិក្សាស្វែងយល់ ពីកាតព្វកិច្ចពន្ធដារ គណនេយ្យ និងសវនកម្ម សម្រាប់អ្នកជាប់ពន្ធ និងភ្នាក់ងារពន្ធដារ។

គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និងសមាជិកចំនួន ២០០ស្ថាប័ន ដែលរួមមានទាំងអង្គការក្នុងស្រុក និងបរទេស ដែលធ្វើប្រតិបត្តិការគ្របដណ្ដប់ លើវិស័យអភិវឌ្ឍន៍ចម្រុះនានានៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ក្នុងលិខិតថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ធំធេងរបស់ ឯកឧត្តម [គង់ វិបុល] លើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចពន្ធសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានអ្នកចូលរួមប្រមាណជា ៥០០ នាក់ ដែលមកពីសមាគម និងអង្គការសង្គមស៊ីវិលនានា នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣»

សិក្ខាសាលាដ៏មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសារៈសំខាន់នេះ រួមបញ្ចូលទាំងការសិក្សាស្វែងយល់ពីកាតព្វកិច្ចពន្ធដារ គណនេយ្យ និងសវនកម្មសម្រាប់អ្នកជាប់ពន្ធ និងភ្នាក់ងារពន្ធដារ។ តាមរយៈសិក្ខាសាលានេះផងដែរបានធ្វើឲ្យសមាគម និងអង្គការ សង្គមស៊ីវិលបានយល់ដឹងការតែច្បាស់ ទៅលើកាតព្វកិច្ចពន្ធ ដែលពាក់ព័ន្ធនឹងស្ថាប័នរបស់ខ្លួន។

ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ អង្គការ គ.ស.ក និងអគ្គនាយកដ្ឋានពន្ធដារ បានផ្តួចផ្តើមបង្កើតក្រុមការងាររួមមួយ ដែលកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចកំណែទម្រង់ និងពង្រឹងប្រសិទ្ធភាព ប្រសិទ្ធផល និងសមត្ថភាពរបស់អ្នកជាប់ពន្ធ។ តួយ៉ាង ការសម្របសម្រួលអ្នកជាប់ពន្ធតាមរយៈ ការប្រមូលពន្ធតាមប្រព័ន្ធអនឡាញ (E-filing) ត្រូវបានកោតសរសើរយ៉ាងក្រៃលែង និងទទួលបានការឆ្លើយតបជាវិជ្ជមានពីសមាគម និងអង្គការសង្គមស៊ីវិល ដែលនាំទៅដល់ការសន្ទនាប្រកបដោយផ្លែផ្កា និងបើកចំហរវាង អគ្គនាយកដ្ឋានពន្ធដារ សមាគម និងអង្គការសង្គមស៊ីវិលទាំងមូល៕