(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់អាជ្ញាធរដែលដីគ្រប់ថ្នាក់ និងមន្ទីរ អង្គភាព ជុំវិញខេត្ត ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធិភាពនៃសេវាសុខភាព ពិសេសសេវាសុខភាពបឋម សេវាសុខភាពបន្ទាន់ និងការបង្កើននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកទេស។

ការអំពាវនាវបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តព្រះវិហារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ខូយ ឃុនហ៊រ សមាជិកក្រុមប្រឹក្សាខេត្ត លោក គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំង លោក លោកស្រី ជាប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក ប្រធានមន្ទីរពេទ្យ មណ្ឌុលសុខភាព ប៉ុស្តិ៍សុខភាព និងអង្គការដៃគូជាច្រើនទៀត នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះលោក គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូពេទ្យ នៃរចនាសម្ព័ន្ធមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ វិជ្ជាជីវៈត្រឹមត្រូវក្នុងការលើកស្ទួយវិស័យសុខាភិបាល លើកកម្ពស់ខឿនសុខភាពនិងសង្គ្រោះអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បូរឡើយ។

លោកសូមអរគុណដល់ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ ពីដៃគូរអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ និងវិស័យពាក់ព័ន្ធនានា មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក ធ្វើឱ្យវិស័យសុខាភិបាលទទួលបានជោគជ័យនារយៈពេលកន្លងមក។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងទៀត ការរៀបចំសន្និបាតនាពេលនេះស្ថិតក្រោមបរិយាកាសរីករាយបំផុតក្រោមដំបូលសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញចក្ខុវិស័យកំណែទម្រង់សុីជម្រៅ ឱ្យក្លាយជាប្រទេសចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

ជាមួយគ្នានេះលោក គីម រិទ្ធី ក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីបុគ្គលិកសុខាភិបាល ព្រមទាំងវិស័យសុខាភិបាលឯកជនទាំងអស់ សូមបន្តរក្សាសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ និងរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗដូចខាងក្រោម៖

*រួមគ្នាលើកកម្ពស់ គុណភាព សុវត្ថិភាព ប្រសិទ្ធិភាព នៃសេវាសុខភាព ពិសេសសេវាសុខភាពបឋម សេវាសុខភាពបន្ទាន់ និងការបង្កើននូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល។
*លើកកម្ពស់សមត្ថភាពនិយ័តកម្មទាំងនៅមូលដ្ឋាន ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងត្រូវទទួលខុសត្រូវការផ្តល់សេវាសុខាភិបាល។

ដោយឡែក លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានសំណូមពរដល់លោកអភិបាលខេត្តព្រះវិហាររួមមាន៖

*ជួយជំរុញផ្តល់នូវបណ្ណក្រីក្រ ឬបណ្ណសមធ៌ជូនប្រជាពលរដ្ឋក្រីក្រឱ្យទាន់ពេលវេលា
*ជួយជំរុញអាជ្ញាធរ ឃុំ សង្កាត់ ប្រើប្រាស់ថវិកា ឃុំ សង្កាត់ ជំពូកថវិកាសម្រាប់សង្គមទៅលើបញ្ហាសុខាភាពនៅឃុំ សង្កាត់ របស់ខ្លួន
*ជួយបង្កើនកញ្ចប់ថវិកាសម្រាប់មន្ទីរពេទ្យ និងស្រុកប្រតិបត្តិ
*ជួយផ្តល់នូវត្រង់ស្វូ័រ និងម៉ាសុីនអុិចសារេដល់មន្ទីរពេទ្យបង្អែកជាំក្សាន្ត៕