(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដាស់តឿនសិស្សានុសិស្ស ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ការក្រើនរំលឹកបែបនេះ របស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពរដ្ឋក្នុងពិធីបើកសង្ក្រាន្តវិទ្យាល័យទួលក្បិល ស្ថិតក្នុងភូមិទាមចាស់ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកស្រីបាននាំការផ្តាំផ្ញើពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរលើវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស។

លោកស្រីបានលើកបង្ហាញពីការសិក្សាពីជំនាន់មួយទៅជំនាន់មួយកាន់តែរីកចម្រើន ធ្វើឲ្យធនធានមនុស្សកាន់តែមានចំណេះដឹងទូលំទូលាយ ហើយបច្ចុប្បន្ននេះមានផ្លូវ ថ្នល់ ស្ពាន វត្តអារាម សាលារៀនគ្រប់ទិសទី ដែលកូនចៅអាចទទួលយកចំណេះដឹងបានងាយស្រួល ក្នុងនោះដែរលោកស្រីបានលើកពីប្រវត្តិឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨២ ដែលឪពុករបស់លោកស្រីបានប្រមូលកៀគរក្មេងៗក្នុងភូមិនេះបានសិក្សារៀនសូត្រ តាមសមត្ថភាពអ្នកចេះតិចបង្រៀនអ្នកមិនចេះ ដើម្បីឱ្យជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាមួយរដ្ឋាភិបាលដោយមិនមានប្រាក់កម្រៃពិសេសដៃម្ខាងកសាង រីឯដៃម្ខាងទៀតប្រយុទ្ធការពារមាតុភូមិ។

លោកស្រីបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយប្រាជ្ញាស្មារតីបង្ហាត់បង្ហាញសិស្សានុសិស្ស ថែមទាំងបានផ្ដាំផ្ញើ សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីទទួលបានលទ្ធផលទៅថ្ងៃអនាគត ។

ក្នុងពិធីនេះនោះដែរ គណៈធិបតី និងបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សបានរៀបចំពិធីរាប់បាត្រព្រះសង្ឃដើម្បីទិសកុសលផលបុណ្យជូនទៅដល់ញាតិកាទាំង ៧សន្ដាន និងសន្សំកុសលខ្លួនឯងផង។

នៅក្នុងពិធីនោះដែរ លោកស្រីក៏បានឧបត្ថម្ភក្នុងកម្មវិធីសរុបថវិកាប្រមាណ ៧លានរៀលផងដែរ។ លោក ម៉ា ពុទ្ធារិទ្ធ នាយករងវិទ្យាល័យទួលក្បិល បានលើកឡើងថា ការបង្កើតសង្ក្រាន្តទួលក្បិលនេះ គឺចង់បង្ហាញដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋឱ្យស្គាល់ និងថែរក្សាអំពីជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ក៏ដូចជាសិក្សាស្វែងយល់អំពីល្បែងរបាំប្រពៃណីរបស់ខ្មែរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបណ្ដុះស្មារតីសិស្សានុសិស្សហើយចេះមានភាពទទួលខុសត្រូវចំពោះការងារ សាមគ្គីភាពគ្នា សហការគ្នា៕