(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណង់ដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យ មុន្នីរង្សី ស្ថិតក្នុងភូមិត្រមុខទី២ ឃុំតុងរុង ស្រុកព្រៃឈរ។

សមិទ្ធផលរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជូនរួមមាន៖ អគារសិក្សា ១ខ្នង មាន៣០បន្ទប់ ទីចាត់ការ ២ខ្នង ក្លោងទ្វារ និងរបងសាលា ផ្លូវបេតុងក្នុងសលា និងសួនច្បារភ្លោះ និងតារាងបាល់ទាត់ បាលទះ និងបាល់បោះផងដែរ។

បន្ទប់មក លោកអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារសាងសង់អគារសិក្សា ១ខ្នង ២ជាន់ មាន១០បន្ទប់ និងគម្រោងផ្លូវបេតុង ១ខ្សែ ដែលចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ស្ថិតក្នុងភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរផងដែរ៕