(ព្រះវិហារ-ស្ទឹងត្រែង)៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុននេះ​ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក កើត ឆែ អភិបាលរងរាជធានី តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០២៣​ រួមនឹងប្រតិភូរួមដំណើរ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវរៈកងទ័ព វរៈនគរបាលដែលឈរជើងការពារព្រំដែន នៃកងពលធំអន្តរាគមលេខ៣ ទិសប្រាសាទព្រះវិហារ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ព និងគ្រួសារកងទ័ពផងដែរ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក​ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាងក្តី តែកងទ័ពយើងមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការណ៍នោះឡើយ។ យើងតែងបានពង្រឹងស្មារតីការពារបូរណៈភាពទឹកដី មិនឲ្យសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក ថ្លែងទៀតថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខ នៃរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអង្គភាពសម្ពន្ធ័ភាព បានធ្វើឲ្យជីវភាពកងទ័ព និងគ្រួសារកងទ័ព កាន់តែមានភាពល្អប្រសើរ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក បានបន្តថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ជាង២ឆ្នាំកន្លងមក និងក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក យើងបានកសាងផ្លូវ រួមជាមួយការជួយឧបត្ថម្ភ និងការជួយឧបត្ថម្ភពីសាលារាជធានីភ្នំពេញ ក្នុងនាមទីក្រុងសម្ព័ន្ធភាពជាមួយអង្គភាពកងទ័ព នៅទិសប្រាសាទព្រះវិហារ ក្នុងរយៈពេល ២២ឆ្នាំ កន្លងមកនេះ។

លោក កើត ឆែ បានថ្លែងអំណរគុណដល់សន្តិភាព ដែលមានតម្លៃមហាសាល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែខិតខំថែទាំ ការពារ សន្តិភាពនេះឲ្យបានគង់វង់ថិតថេរ ហើយដើម្បីការពារសន្តិភាពបានយូអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អណត្តិទី៧ និងអណត្តិបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន​ម៉ាណែត​ ជាបេក្ខភាព​នាយករដ្ឋមន្ត្រី សំរាប់ពេលអនាគតបេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត។

លោកបន្តថា ក្រោមការដឹកនាំរបស់ស្ថានិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន បានលះបង់ ប្រាជ្ញាស្មារតី និងអាយុជីវិត ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។

លោកបន្តទៀតថា ប្រទេសខ្លះមកនិយាយពីលិទ្ធិប្រជាធិតេយ្យ​ តែនៅក្រោយខ្នងពួកគេ គឺផលប្រយោជន៍។ យើងជាពលរដ្ឋខ្មែរពិតជាមានមោទកភាពដែលមានថ្នាក់ដឹងនាំដ៏ឈ្លៀសវៃ​ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ។ ពាក់ពន្ន្ធ័នឹងការវិនិយោគ លោក កើត ឆែ បានថ្លែងថា​ បើប្រទេសមួយគ្មានសន្តិភាព​ អស្ថេរភាពនយោបាយ​ គឺគ្មានអ្នកវិនិយោគយកលុយគេមកបោះចោលនោះទេ ដោយសារតម្លៃនៃសន្តិភាពនេះហើយ ទើបធ្វើឲ្យរាជធានីភ្នំពេញ ក៏ដូចនៅទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចំរើន គឺសមរភូមិមុខ ជាអ្នកការពារ ឯសមរភូមិក្រោយជាអ្នកអភិវឌ្ឍន៍ ហើយរាជធានីភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភដល់បណ្តាកងឯកភាពឈរជើងការពារព្រំដែនទិសប្រាសាទព្រះវិហារ ជាបន្តទៅទៀត។

សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈស្តីពីការចងសម្ពន្ធ័មេត្រីភាពជាមួយអង្គភាពជួរមុខចំនួន២ គឺ៖

*ទី១៖ កងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ
*ទី២៖ កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ក្នុងស្មារតីសាមគ្គីភាព រវាងសមរភូមិក្រោយ និងសមរភូមិមុខ ក៏ដូចពង្រឹងវប្បធម៌ចែករំលែកផងដែរ។

ចំពោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបាននាំយកទៅជូនកងទ័ព នាពេលនេះ រួមមាន៖

*សំរាប់កងពលធំអន្តរាគមន៍លេខ៣ ចំនួន២០លានរៀល, មេបញ្ជាការកងពលមួយរូប ចំនួន៤០ម៉ឺនរៀល, មេបញ្ជាការរងកងពល២០រូប ម្នាក់ៗទទួលបាន២០ម៉ឺនរៀល, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការងវរសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូច ៤៧៦នាក់ ក្នុងម្នាក់ថវិការ១០ម៉ឺនរៀល ព្រមទាំងនាយទាហាន ពលទាហាន និងថវិកាក្នុងម្នាក់៥ម៉ឺនរៀល។

*សំភារៈ និងគ្រឿងឧបភោគ បរិភោគ រួមមាន៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី ៣០០កេស, ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ទឹកត្រី២០០យួរ, ប្រេងឆា ១០០កេស, ត្រីខកំប៉ុង ១០០កេស, អំពូលភ្លើងសឡា​៥២ឈុត​ គោយន្ត២គ្រឿង។

ជាមួយគ្នានេះ វរៈនគរបាលកាពារព្រំដែន៧៩៣ បញ្ជាការដ្ឋានអង្គរក្ស​ វរៈសេនាតូចអន្តរាគមន៍ លេខ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ក៏ទទួលបានអំណោយមដូចគ្នាទៅតាមស្ថានភាពជាក់ស្តែងរបស់អង្គភាពនីមួយៗ៕