(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអំពាវនាវដល់ម្ចាស់សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្ម គ្រប់ប្រភេទទាំងអស់ សូមផ្ដល់ព័ត៌មានទិន្នន័យ តាមសំណួរសម្ភាសន៍ ឲ្យបានពេញលេញត្រឹមត្រូវ និងស្មោះត្រង់ ជូនដល់មន្ត្រីជំរឿនកសិកម្ម។ នេះបើតាមសារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ស្តីពីការធ្វើជំរឿនកសិកម្មនៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវម្ចាស់សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទទាំងអស់ សូមចូលរួមគាំទ្រការងារនេះ និងសូមផ្ដល់ព័ត៌មានទិន្នន័យតាមសំណួរសម្ភាសន៍ ឲ្យបានពេញលេញ ត្រឹមត្រូវ និងស្មោះត្រង់ ជូនដល់មន្ត្រីជំរឿនកសិកម្ម ដើម្បីបង្កើតបាននូវស្ថិតិល្អ ពីព្រោះស្ថិតិល្អបង្កើតបាននូវគោលនយោបាយល្អ ហើយគោលនយោបាយល្អ នឹងជំរុញការអភិវឌ្ឍប្រទេសជាតិ យើងបានជឿនលឿនរីកចម្រើន»

បើតាមសម្ដេចតេជោ នាយករដ្ឋមន្ដ្រី, ជំរឿនកសិកម្មនៅកម្ពុជា នឹងត្រូវធ្វើចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះគឺជាជំរឿនកសិកម្មលើកទី២ នៅកម្ពុជា ស្របតាមច្បាប់ ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាព កសិកម្មទាំងអស់មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និង គ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការ ក្នុងការផ្ដល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំរឿនកសិកម្ម មានគោលបំណងទទួលបាននូវព័ត៌មានសំខាន់ៗ វិស័យកសិកម្មស្តីពីស្ថានភាពកសិកម្ម ដើម្បីធ្វើជាមូលដ្ឋានទិន្នន័យគ្រឹះ សម្រាប់រៀបចំគោលនយោបាយយុទ្ធសាស្ត្រផែនការសកម្មភាព និងគម្រោងកម្មវិធីនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពប្រជាជន។

ជំរឿនកសិកម្ម គឺជាការងារដ៏ធំជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយក៏ជាការងារស្ថិតិជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវព័ត៌មានទិន្នន័យទាំងឡាយ របស់សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់។

ប្រទេសជាច្រើននៅលើពិភពលោក គឺសុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនកសិកម្ម ក្នុងនោះប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ អាចដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មបានល្អ។ លទ្ធផលទិន្នន័យដែលបានមកពីជំរឿនកសិកម្ម នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន៕