(ស្វាយរៀង)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ នៅខេត្តស្វាយរៀង។

សិក្ខាសាលានេះក៏មានការចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត និងលោក លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ថ្នាក់ដឹកនាំត្រូវមានសមត្ថភាព និងប្រជាប្រិយភាព យើងជាស្ត្រីត្រូវចេះប្រើសិទ្ធិ និងសិល្បៈនៃការដឹកនាំ យល់អំពីច្បាប់ឱ្យបានច្បាស់លាស់ ហើយកិច្ចការងារទាំងអស់នេះទាមទារឱ្យខិតខំរៀនសូត្រពង្រឹងសមត្ថភាពបន្ថែមទៀត។

លោក ខៀវ កាញារីទ្ធ ក៏បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់លាស់ក្នុងពេលបំពេញភារកិច្ច និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ រៀបចំឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រ ក្រសួងព័ត៌មាន ក្រោមកិច្ចសហការសម្របសម្រួលពីអាជ្ញាធរខេត្តស្វាយរៀង។

ប្រធានបទនៃសិក្ខាសាលានេះដំណើរទៅចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយបានលើកឡើងអំពីសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបានកន្លងមក ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារសិទ្ធិជាមូលដ្ឋានរបស់នារី និងកសាងផែនការសកម្មភាពបន្តអនុវត្ត។

នៅក្នងឱកាសនោះលោក ខៀវ កាញារីទ្ធ និងលោកស្រីផ្តល់នូវ Camera Video កម្រិត 4K ជូនដល់មន្ទីរព័ត៌មានខេត្តចំនួន៦ ទុកសម្រាប់បំពេញការងារយកព័ត៌មានតាមបណ្តាខេត្តនីមួយៗផងដែរ៕