(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបពិភាក្សាការងារជាមួយ លោក SHU QIMING អតីតអគ្គលេខាធិការ នៃគណៈកម្មការជាតិរបស់អង្គប្រជុំនយោបាយ នៃសាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះបានធ្វើឡើងនាទីស្នាក់ការកណ្តាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៉ិនប៉ិច ព្រមទាំងភាគីចិនមួយចំនួនផងដែរ។

ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោក Shu Qiming ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ចើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលប្រទេសចិន និងគណបក្សកុម្មុយនិស្តចិន ដែលតែងតែជួយគាំទ្រ និងបានផ្តល់ជំនួយ ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនៅកម្ពុជា។

ព្រះអង្គម្ចាស់ ប្តេជ្ញាក្នុងបន្តរឹតចំណងទំនាក់ទំនង កិច្ចសហប្រតិបត្តិការណ៍ល្អ រវាងគណបក្សទាំងពីរ ជាពិសេស បន្តថែរក្សាវប្បធម៌ ការទូតដ៏ល្អរវាងប្រទេសបងប្អូនទាំងពីរ ចិន-កម្ពុជា ជាអមតៈ ជាមិត្តដែកថែប កសាងជោគវាសនារួម។

លោក Shu Qiming ក៏បានថ្វាយលិខិត ចូលរួមអបអរសាទរ ខួបទី៤២ ឆ្នាំគណបក្សហ៊្វុនស៊ិនប៉ិច នឹងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការគណបក្ស កាន់តែរីកធំធាត់ជាលំដាប់៕