(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានអះអាងថា ការចាប់ខ្លួនបក្ខពួក លោក​ សៀម ភ្លុក ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសារ​បង្កើតគណបក្សបេះដូងជាតិកន្លងទៅ មិនមែនជារឿងនយោបាយនោះទេ។

ការចេញមុខបកស្រាយនេះ បានធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួន ដែលជាខ្មែរកម្ពុជាក្រោម បានចោទប្រកាន់ ទៅលើការចាបខ្លួន លោក​ សៀម ភ្លុក ចំនួន៣នាក់ កាលពីពេលថ្មីៗនេះ ដោយចាត់ទុកជារឿងនយោបាយ។

លោក សឿង សុធានី មិនគាំទ្រទង្វើខុសច្បាប់ឡើយ ដូចជាករណីក្លែងឯកសារជាដើម។ លោកថា អាជ្ញាយុកាលនៃពាក្យបណ្តឹងនេះ មិនទាន់រលត់នៅឡើយ ខណៈបទល្មើសមជ្ឈឹម មានអាជ្ញាយុកាល៥ ប្រើសិនបើមិនមានការប្តឹងទេ ទើបករណីនេះរលត់។ សូមកុំឱ្យគិតថា ករណីនេះជាករណីនយោបាយ ទោះបីជាករណីនេះ អង្គហេតុគឺគាត់បានស្នើសុំក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សក៏ដោយ។ ក្នុងនោះក្រសួងមហាផ្ទៃ បានរកឃើញថា គាត់បានក្លែងស្នាម​មេដៃ និងក្លែងឯកសារ។

លោកបានសម្តែងការគាំទ្រចំណាត់ការតុលាការទាំងស្រុង ព្រមទាំងអំពាវនាវដល់យុវជនខ្មែរក្រោមផ្សេងទៀត កុំឱ្យយកតម្រាប់តាមអ្នកដែលត្រូវបានតុលាការកាត់ទោសទាំងនោះ។លោកបន្តថា ប្រជាធិបតេយ្យត្រូវមានគណបក្សប្រឆាំងក៏ពិតមែន ប៉ុន្តែបើប្រឆាំងទាំងរំលងច្បាប់មើលងាយច្បាប់នោះ ពលរដ្ឋមិនគួរគាំទ្រនោះទេ ដែលអាចនឹងមានបញ្ហាសម្រាប់ខ្លួនឯង។

លោកបានអំពាវនាវដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

ខាងក្រោមនេះជាវីដេអូពន្យល់របស់ លោក សឿង សុធានី៖