(ព្រះសីហនុ)៖ លោកឧត្តមសេនីយឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរស្នាដៃដែលមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំពេញកន្លងមកទទួលបានលទ្ធផលល្អ និងបានណែនាំ ឲ្យដានប្រមូលព័ត៌មានរាល់សកម្មភាពទាក់ទងការជួញដូរមនុស្សខុសច្បាប់ ការជួញដូរកម្លាំងពលកម្ម ពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងវិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការប្រាស្រ័យ ទាក់ទងជាមួយប្រជាជន និងការបម្រើប្រជាជនដោយមិនត្រូវមានការរើសអើង។

ទន្ទឹមនេះ លោកបានណែនាំកែប្រែឥរិយាបថ និងទម្លាប់ក្នុងការបំពេញការងារឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាពលរដ្ឋ និងកែលម្អរបៀបគ្រប់គ្រងរបស់ខ្លួន ផ្អែកតាមគោលនយោបាយកំណែទម្រង់អភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល គឺជាមធ្យោបាយឆ្ពោះទៅរកប្រសិទ្ធភាពក្នុងការគ្រប់គ្រង ចាត់ចែង និងការអនុវត្តន៍ការងារកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផលនាពេលខាងមុខ។

លោកឧត្តមសេនីយ៍អគ្គស្នងការរង ក៏បានស្នើសុំការបង្កើនការយកចិត្តទុកដាក់របស់កងកម្លាំង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការសំខាន់ៗមានដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ការប្រកួតគីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ម្យ៉ាងទៀតរាជរដ្ឋាភិបាល បានជ្រើសរើសខេត្តព្រះសីហនុសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសារចំនួន៣ មានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹកនិងបាល់ទះលើឆ្នេរខ្សាច់។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ខណៈអញ្ជើញជាមួយអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ក្នុងកម្មវិធីដែលបានធ្វើឡើងនៅរសៀលទី២៧ ខែមីនា ឆ្នាំ២០២៣, លោក គួច ចំរើន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបស់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ចបានល្អប្រសើរ ពិសេសចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខសម្រាប់ពិធីបុណ្យសមុទ្រលើកទី៩ និងមហាសន្និបាទក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ជាពិសេសការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីទទួលបាននៅសុខសន្តិភាពតទៅមុខទៀត៖

*ទី១៖ រួមសាមគ្គីគ្នា ដើម្បីការពារនូវសន្តិភាព ទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ ព្រោះថា យើងបានឆ្លងកាត់ការលំបាក និងពុះពារឧបសគ្គច្រើនណាស់ទំរាំតែទទួលបានសន្តិភាព។

*ទី២៖ ពង្រឹងខឿនសន្តិសុខជាតិ ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់ស្កាត់ និងបញ្ចៀសឱ្យបាននូវអំពើភេរវកម្ម វិច្ឆេទកម្ម និងបង្ការទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

*ទី៣៖ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការធានាគ្រប់គ្រងសភាពការណ៍ដោយផ្តោតលើ៖

*រក្សាសណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ និងដោះស្រាយទំនាស់នានានៅមូលដ្ឋានដោយមិនទុកឱ្យរីករាលដាល និងរ៉ាំរៃ។
*ជំរុញការអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» ក៏ដូចជាយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃសំដៅកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ។
*រឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ មានប្រសិទ្ធភាព សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំនួនជនរងគ្រោះឱ្យបានជាអតិបរិមា ព្រមទាំងកែលម្អស្ថានភាពចរាចរណ៍ឱ្យមានសណ្តាប់ធ្នាប់កាន់តែប្រសើរថែមទៀត។
*បន្តជំរុញការអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៧ របស់រាជរដ្ឋាភិបាលទប់ស្កាត់នូវការលួចនាំចូលពីក្រៅប្រទេស ការលួចលាក់កែច្នៃសំយោគសារធាតុញៀននៅក្នុងប្រទេស និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយនានា រួមទាំងទីកន្លែងដែលងាយកើតមាននូវបទល្មើសប្រភេទនេះ ដោយប្រកាន់ខ្ជាប់នូវទិសស្លោក បីកុំ មួយរាយការណ៍៕